ផ្លូវជាតិលេខ១០ លាតសន្ធឹងពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុងត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនាព្រឹកមិញនេះ

ពោធិ៍សាត់៖ ផ្លូវជាតិលេខ១០ ត្រូវបានសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី លោក ជាំង ណាន (Mr. JIANG Nan) ភារធារី នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួង និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

ផ្លូវជាតិលេខ១០នេះ ដែលមានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីប្រើប្រាស់រយៈពេលសាងសង់ ៦៦ខែ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៥៧-៧ ក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ដោយសាងសង់ជាប្រភេទផ្លូវ DBST មានគន្លងរថយន្ត ២គន្លងទៅមក។

ផ្លូវជាតិលេខ១០ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលតភ្ជាប់ខេត្តចំនួន ៣ គឺបាត់ដំបង ពោធិ៍សាត់ និងកោះកុង (តភ្ជាប់ពីភូមិភាគពាយ័ព្យ មកកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា) ព្រមទាំងភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗមួយចំនួនទៀត។ ការតភ្ជាប់នេះបានកាត់បន្ថយពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរបានយ៉ាងច្រើន ដូចជាពីខេត្តបាត់ដំបងទៅខេត្តកោះកុងចំណេញ ៣០៦គីឡូម៉ែត្រ និងពីខេត្តប៉ៃលិនទៅខេត្តកោះកុងចំណេញ ៣៧២គីឡូម៉ែត្រ។

 

ខ្សែផ្លូវនេះបានបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុង សម្រួលដល់ការដឹកជញ្ជូនផលិតផលទំនិញ កសិកម្ម និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ។ លើសពីនេះ ផ្លូវជាតិលេខ១០ ក៏បានរួមចំណែកលើកកម្ពស់សក្តានុពលទេសចរណ៍នៅតាមបណ្តោយផ្លូវ ដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ទាក់ទាញផងដែរ៕

     
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២