ម្សិលមិញសមត្ថកិច្ចបង្ក្រាបបទល្មើសសម្បុក Online Scam មួយកន្លែងទៀតនៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនមនុស្សជិត៦០០នាក់ មេខ្លោងគឺជាជនជាតិថៃ

បន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam នៅ អគារកញ្ចក់កម្ពស់៣០ជាន់ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនជនបរទេស និងជនជាតិខ្មែរជិត ៦០០នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក អ៊ី សុឃី អគ្គស្នងការរងនគរបាលជាតិសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត។

នៅក្នុងប្រតិបត្តិការនេះ ចាប់ខ្លួនជនសង្ស័យសរុបចំនួន ៥៨៧ នាក់ ក្នុងនោះស្រី ១០៥ នាក់ រួមមាន៖ជនជាតិឥណ្ឌូនេស៊ី ៥១៨ នាក់(ស្រី៧៦នាក់) ថៃ ១៨នាក់(ស្រី៦នាក់) និងខ្មែរ ៥១ នាក់(ស្រី២១នាក់)។ បើយោងតាមមន្ត្រីនគរបាលអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា មេខ្លោងនៃបទល្មើសឆបោកមួយកន្លែងនេះ គឺជាជនជាតិថៃ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារជាច្រើនផងដែរ៕

ដោយ៖ វិសាល

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២