នគរបាលខណ្ឌព្រែកព្នៅបានឃាត់ និងអប់រំក្មេងទំនើង១៥នាក់ ដែលបានដុតផាវ (គ្រាប់បែក) បង្កឱ្យប៉ះពាល់អារម្មណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់អប់រំក្មេងទំនើងសរុបចំនួន ១៥នាក់ ដែលបានដុតផាវ (គ្រាប់បែក) បង្កការភ្ញាក់ផ្អើល ប៉ះពាល់អារម្មណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានដកហូតផាវគ្រាប់បែកតូចធំសរុបចំនួន១០៥គ្រាប់។

កម្លាំងជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកវរសនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចុះស្រាវជ្រាវ និងត្រួតពិនិត្យដើម្បីបង្ការទប់ស្កាត់ចំពោះករណីក្រុមក្មេងទំនើងលេងដុតផាវ (ផាវគ្រា ប់បែក) បង្កការរំខានដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្ថិតនៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដោយចុះអនុវត្តចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គឺកម្លាំងសមត្ថកិច្ចបានចុះអប់រំទីតាំងលក់ដូរអីវ៉ាន់ចាប់ហួយ ចំនួន១០ទីតាំង និងធ្វើការត្រួតពិនិត្យចំពោះយុវជន ចំនួន សរុប១៥នាក់ រកឃើញ ផាវគ្រាប់បែកចំនួន ១០៥គ្រាប់ និងដែកកេះចំនួន០៥។

សមត្ថកិច្ចបានដកហូតយកមករក្សាទុក និងបានអញ្ជើញអាណាព្យាបាលមកទទួល និងបានធ្វើកិច្ចសន្យាអប់រំ ដើម្បីឲ្យអាណាព្យាបាលយកយុវជនទាំងនោះ ទៅអប់រំបន្ត បញ្ឈប់សកម្មភាពដុតផាវ។

បច្ចុប្បន្នសមត្ថកិច្ចនៅបន្តយកចិត្តទុកដាក់ចុះបង្ការទប់ស្កាត់ចំពោះសកម្មភាពក្មេងទំនើងលេងដុតផាវ នៅរដូវបុណ្យភ្ជុំបិណ្ឌ ហើយសមត្ថកិច្ចបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋសហការផ្តល់ព័ត៌មានមកសមត្ថកិច្ចដើម្បីចុះមានវិធានការណ៍ជាក់ស្តែងចំពោះក្មេងទំនើងលេងដុតផាវឲ្យមានប្រសិទ្ធភាព៕

   

ដោយ៖ វិសាល

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២