អ្នកសេដ្ឋកិច្ច៖ ប្រាក់ឈ្នួល​អប្បបរមា​របស់បងប្អូនកម្មករក្នុងវិស័យកាត់ដេរឡើង​ខ្ពស់នឹងបង្ក​ការលំបាក​ដល់​សហគ្រាស SMEs ​ក្នុង​ការ​​ជ្រើស​រើស​បុគ្គលិក​

(ភ្នំពេញ)៖ អ្នកជំនាញ​សេដ្ឋកិច្ច​បានលើកឡើងថា ​​ប្រាក់ឈ្នួល​អប្បបរមាកម្មករនិយោជិតក្នុងវិស័យ​វាយន​ភ័ណ្ឌកាត់ដេរសម្លៀក​បំពាក់ ស្បែ​ក​ជើង និង​ផលិត​ផលធ្វើដំណើរ​​សម្រាប់​ឆ្នាំ២០២៧ ឡើងខ្ពស់ អាចជះឥទ្ធិពល​លើទីផ្សារ​ការ​ងារ​លើស​ពីវិស័យដែល​ស្ថិតក្រោមច្បាប់ប្រាក់ឈ្នួ​លអប្បបរមា ដោយ​ស​ហ​គ្រាសធុន​តូច និងមធ្យម(SMEs) អាចប្រឈមនឹង​ការកើនឡើង​ថ្លៃកម្លាំង​ពលកម្ម និងការ​លំបាកក្នុង​ការរក្សា​បុគ្គលិក។

លោកបណ្ឌិត ស្រ៊ុន សុភ័ក្រ្ត សាស្ត្រា​ចារ្យសេដ្ឋកិច្ច​នៅសាកល​វិទ្យាល័យ​ភូមិន្ទនីតិ​សាស្ត្រ និងវិទ្យា​សាស្ត្រ​សេដ្ឋកិច្ចបានមាន​ប្រសាស​ន៍ថា ប្រាក់​ឈ្នួលចំនួន២៣១.៥​ដុល្លារ ដែល​កំណត់​សម្រាប់វិស័យ​វាយន​ភ័ណ្ឌ សម្លៀក​បំពាក់ ស្បែ​ក​ជើង និង​ផលិត​ផលធ្វើដំណើរ​សម្រាប់​ឆ្នាំ២០២៧​ខាង​មុខ​នេះ អាច​ក្លាយ​​ជាស្តង់​ដារយោ​ងសម្រា​ប់ទីផ្សារកា​រងារទូទៅ​នៅក្នុងប្រ​ទេសក​ម្ពុជា។

លោកបណ្ឌិត​បានបញ្ជាក់ថា៖«ទោះបី SMEs នៅក្រៅវិស័​យដែលត្រូវ​អនុវត្តប្រាក់​ឈ្នួលអប្បប​រមាមិនមានកាតព្វ​កិច្ចផ្លូវច្បាប់​ក្នុងការកំ​ណត់​ប្រាក់ឈ្នួ​ល​អ​ប្បបរមាក៏​ដោយ ប៉ុន្តែ​ពួកគេអាចត្រូវប​ង្កើន​ប្រាក់​ឈ្នួល ដើម្បី​ប្រកួតប្រជែង​ទាក់ទាញ និងរក្សា​បុគ្គលិករប​ស់ខ្លួន»។

លោកបណ្ឌិត ស្រ៊ុន សុភ័ក្រ្តបានពន្យល់​ថា សម្ពាធនេះ​មានភាពខុ​សគ្នាពីសហ​គ្រាស​ធំៗ ព្រោះ SMEs ភាគច្រើ​នមាន​ដើ​ម​ទុន និងប្រាក់​ចំណេញ​មាន​កម្រិត ហើយមិនអាចបញ្ជូន​ការកើន​ឡើងនៃ​ថ្លៃដើម​ទៅកាន់អ្នក​ប្រើប្រាស់​បាន​ងាយ​ស្រួលនោះទេ។

ជាមួយគ្នានេះ ការប្រ​កួតប្រជែងពីទំនិញ​នាំចូលក៏កំណត់ស​មត្ថភាពរប​ស់អាជីវក​ម្មក្នុងស្រុកក្នុងកា​រដំឡើ​ងតម្លៃផងដែរ។ ប្រសិនបើទំនិញក្នុង​ស្រុកមាន​តម្លៃ​ខ្ពស់​ពេក ​អ្នកប្រើប្រាស់អាច​ងាកទៅរកផលិ​តផលពីប្រទេសជិត​ខាងដែលមានត​ម្លៃប្រកួតប្រជែងទា​បជាង។
​
«សម្រាប់សហគ្រា​សធំៗ ពួកគេអាចមានលទ្ធភា​ពចរចាជាមួ​យអ្នកបញ្ជាទិញ ដើម្បីសម្របស​ម្រួលការកើនឡើងថ្លៃដើ​ម​ ប៉ុន្តែស​ម្រាប់ SMEs មិនមាន​លទ្ធភា​ពដូចគ្នានេះទេ។ ដូច្នេះការកើ​នឡើងថ្លៃកម្លាំងពល​កម្មអាចដាក់​សម្ពាធ​លើលំ​ហូរសាច់​ប្រាក់ និងប្រ​តិបត្តិកា​រអាជីវកម្ម» នេះជាការបញ្ជាក់របស់លោកបណ្ឌិត។

លោកបណ្ឌិតបានបន្តថា ដោយ​សារ SMEs មានតួនាទី​សំខាន់ក្នុងសេដ្ឋកិ​ច្ចកម្ពុជា ការកំណត់​គោលនយោ​បាយ​ប្រាក់ឈ្នួលគួរត្រូ​វពិចារណាទាំងផ​ល​ប្រយោ​ជន៍រ​បស់កម្ម​ករ និងសម​ត្ថភាពរបស់​អាជីវកម្ម ដើម្បីចៀ​សវាងការកើន​ឡើងថ្លៃ​ដើមខ្ពស់ពេក ដែលអា​ចប៉ះ​ពាល់​ដល់និរ​ន្តរភាពស​ហ​គ្រាស។ហើយយើងត្រូវថ្លឹងថ្លែងឱ្យបា​នគ្រប់ជ្រុងជ្រោ​យ ព្រោះការកើនឡើ​ងប្រាក់ឈ្នួលមិនត្រឹម​តែពាក់ព័ន្ធនឹងប្រាក់ចំណូ​លរបស់កម្មក​រទេ ប៉ុន្តែក៏​ពាក់​ព័ន្ធនឹ​ង​ល​​ទ្ធ​ភាព​ប្រកួតប្រជែ​ង លំហូរសាច់ប្រាក់ និងការបន្តអាជីវកម្មរបស់ SMEs ផងដែរ៕

ដោយ៖ ឧត្តម

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២