កងកម្លាំងយោធារបស់រដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយេម៉ែនបានចាប់ផ្តើមបើកប្រតិបត្តិការយោធាវាយលុកដ៏ធំមួយ កាលពីថ្ងៃម្សិលមិញនេះក្នុងគោលបំណងដើម្បីដណ្តើមយកទឹកដីដែលកាន់កាប់ដោយក្រុម Houthi នោះមកវិញ រួមទាំងច្រកសមុទ្រ Bab el-Mandeb យុទ្ធសាស្ត្រ និងរដ្ឋធានីសាណាផងដែរ។


ការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងកម្លាំងយោធារដ្ឋាភិបាលយេម៉ែន និងក្រុម Houthi បណ្តាលឱ្យកងកម្លាំងយោធាក្រុម Houthi រត់ប្រសេចប្រសាច់ពេញឆ្នេរ ខ្លះទៀតរត់ចូលទឹកសមុទ្រ ហើយអ្នកខ្លះលើកដៃសុំចុះចាញ់កងកម្លាំងយោធារបស់រដ្ឋាភិបាលយេម៉ែន។តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការប្រយុទ្ធគ្នានេះបានបណ្តាលឱ្យកងកម្លាំងយោធា Houthi ស្លាប់រាប់រយនាក់។

ការវាយលុកដ៏ធំរបស់កងកម្លាំងយោធារដ្ឋាភិបាលយេម៉ែននេះបានកើតឡើងបន្ទាប់ពីក្រុម Houthi ដ៏ធំបានរុលទៅមុខតាមឆ្នេរសមុទ្រក្រហមរបស់យេម៉ែន និងការប្រយុទ្ធជាថ្មី និងយ៉ាងសាហាវជុំវិញទីក្រុង Taiz ។ កងកម្លាំងរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតបានរាយការណ៍រួចហើយអំពីការឈានទៅមុខនៅជិត Bab el-Mandeb និងការចាប់យក Mocha មកវិញ។ ការកើនឡើងនេះគំរាមកំហែងដល់អស្ថិរភាពយេម៉ែនបន្ថែមទៀត ហើយអាចដាក់សម្ពាធបន្ថែមលើផ្លូវពាណិជ្ជកម្មដែនសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក៕
ប្រភព៖ Global Current
ប្រែសម្រួលដោយ៖ វាសនា

