ទៅលេងអង្គរវត្តជាច្រើនលើកច្រើនសារមកហើយដែរ តែអត់ដែលដឹងថា នៅប្រាសាទអង្គរមានរូបចម្លាក់ប្រេត នៅលើជញ្ជាំងប្រាសាទនោះទេ ទើបតែដឹងនៅពេលនេះថា ចម្លាក់ «ប្រេត» ត្រូវបានឆ្លាក់រូបទុកនៅលើហោជាងនៃខ្លោងទ្វារខាងកើតប្រាសាទតានៃ នៅក្នុងតំបន់អង្គរ ហើយប្រហែលមានតែមួយគត់ ដែលចាស់ជាងគេក្នុងសិល្បៈខ្មែរ ដែលបានបន្សល់ទុកមកដល់ពេលបច្ចុប្បន្ននេះ។


បើតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា រឿងរ៉ាវ និងភស្តុតាងចម្លាក់ប្រេតនៅប្រាសាទតានៃនេះ និយាយពីពេលមួយដែលព្រះអវលោកេសូរ ដែលព្រះបាទជ័យវរ្ម័នទី៧ បានយកមកប្រតិបត្តិក្នុងរជ្ជកាលរបស់ព្រះអង្គនៅចុងសតវត្សរ៍ទី១២ មានបង្ហាញរឿងព្រះអវលោកេសូរទៅឋាននរកសង្គ្រោះប្រេត។
ចម្លាក់ប្រេត ក៏មានទំនាក់ទំនងនឹងកិច្ចជំនឿបោះបាយបិណ្ឌ ដែលបុព្វបុរសខ្មែរតែងតែធ្វើរហូតក្លាយទៅជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនមកដល់បច្ចុប្បន្ន ទាំងអស់នេះសុទ្ធតែបង្ហាញនូវអត្តសញ្ញាណនៃវប្បធម៌ខ្មែរ៕


