ហ្វូងដំរីព្រៃមួយហ្វូងចូលរាតត្បាត ដោយជាន់ក្មេងម្នាក់ស្លាប់ និងស្ត្រីជាម្តាយរងរបួសធ្ងន់ ពេលកំពុងដេកក្នុងតង់រកត្រី

ព្រះវិហារ៖ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់បានស្លាប់ក្រោយពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកស្ត្រីជាម្តាយបានរងរបួសយ៉ាងធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលពួកគេដេកក្នុងតង់ពេលដែលទៅរកត្រី ហើយត្រូវបានហ្វូងដំរីព្រៃមូយហ្វូងធ្វើការវាយប្រហារ និងជាន់មនុស្សទាំងយប់តែម្តង។

សមត្ថកិច្ចខេត្តព្រះវិហារ បានឱ្យដឹងថា កាលពីវេលាម៉ោង៥ និង៥០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៦នេះ សមត្ថកិច្ចបានទទួលព័ត៌មានពីលោកស្រីម៉ៅ ចាន់តឿន មេភូមិដំណាក់កន្ទួតបានរាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលថា មានករណីសត្វដំរីព្រៃចំនួន៥-៦ក្បាល បានវាយកម្ទេចរោង និងជាន់មនុស្សបណ្ដាលឲ្យស្លាប់ចំនួន ១នាក់និងរបួសធ្ងន់ចំនួន១នាក់ កាលពីថ្ងៃទី១៣ ខែ តុលា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល២០និង១០នាទីយប់នៅចំណុចកញ្ចាំងស្ថិតក្នុងភូមិសាស្រ្តភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

ជនរងគ្រោះទី១ ​មានឈ្មោះ មុំ សុខហេង ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដំណាក់កន្ទួត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ (ស្លាប់តាមផ្លូវពេលដឹកទៅសង្គោះ)និងជនរងគ្រោះទី២មានឈ្មោះធិន ជិត ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយមានទីលំនៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់បញ្ជនទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារ។

បើតាមការបំភ្លឺរបស់ឈ្មោះ មុត មូល ភេទប្រុសអាយុ៤០ឆ្នាំដែលជាអ្នកទៅរកត្រី និងដេកនៅជាមួយគ្នាបានរៀបរាប់ប្រាប់ថា នៅវេលាម៉ោងប្រហែល២០ និង១៥នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ពេលពួកគាត់កំពុងតែដេកលក់ស្រាប់តែឮសំឡេងសត្វដំរីប្រហែល ៥-៦ ក្បាលមកវាយដំបូលកៅស៊ូដែលពួកគាត់កំពុងដេកលឺសូរប្រាវៗ។ បន្តិចក្រោយមកក៏លឺសំឡេងមីងជិតគាត់ស្រែកឲ្យជួយ ខ្ញុំក្រោកឡើងស្រាប់តែឃើញមីងជិតនិងកូនរបស់គាត់បានរងរបួសធ្ងន់ចំណែកខ្ញុំ កូនខ្ញុំ និងប្តីរបស់គាត់មិនមានប្រុសរបួសអ្វីទេ ។

សមត្ថកិច្ចខេត្តព្រះវិហារបានបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះនិងក្រុមគ្រួសារ ព្រមទាំងអ្នកភូមិជាមួយគ្នាសរុបគ្នា៥នាក់បានទៅបោះបង្គោលប្រក់កៅស៊ូ(តង់)ដាក់ប៉ោងរកត្រី ពេលកំពុងដេកមានសត្វដំរីមកវ៉ៃ និងជាន់កម្ទេចរោង ហើយត្រូវមនុស្សដែលដេកនៅខាងក្រោមរោង បណ្ដាលឲ្យកូនស្លាប់តាមផ្លូវពេលយកមកសង្គ្រោះនៅមន្ទីរពេទ្យ និងម្ដាយរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពតាកឹងរួចបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារតែម្តង។

បច្ចុប្បន្នសពក្មេងប្រុសរងគ្រោះត្រូវបានសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ វិសាល

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២