យើងខ្ញុំទាំងអស់គ្នា ចាប់តាំងពីចូលបម្រើការងារក្នុងជួរមន្ត្រីរាជការរហូតដល់ចូលនិវត្តន៍ ពុំដែលបាន សរសេរអត្ថបទ ឬលិខិតផ្លូវការណាមួយ សម្តែងពីអារម្មណ៍ឬការយល់ឃើញរបស់ខ្លួនលើទិដ្ឋភាពនយោបារបស់ប្រទេសដែលខ្លួនបានរស់នៅស្ទើរ តែមួយជីវិតមកហើយនោះទេ។ប៉ុន្តែដោយបានឃើញចំដែលៗនូវការផ្សព្វផ្សាយមួយចំនួនអំពីការប៉ុនប៉ងបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍ ក៏ដូចជាសុខសន្តិភាពដែលកម្ពុជា កំពុងមានសព្វថ្ងៃ ទើបយើងខ្ញុំសម្រេចចិត្តសរសេរលិខិតចំហរនេះជូន ឯកឧត្តម ឯកអគ្គរដ្ឋទូតរួមទាំងប្រជាពលរដ្ឋអាម៉េរិកបានជ្រាបនិងពិចារណាព្រមទាំងជូនដល់សារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមនានា ដើម្បីជួយផ្សព្វផ្សាយជូនបងប្អូនជនរួមជាតិកម្ពុជា ទាំងក្នុង និងក្រៅប្រទេសបានជ្រាប ។
ខណៈដែលប្រទេសកម្ពុជាកំពុងខិតខំកសាង ស្តារ និងអភិវឌ្ឍខ្លួនក្រោយងើបពីគំនរផេះផង់នៃរបប ប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល ដែលបានបំផ្លិចបំផ្លាញប្រទេសកម្ពុជាដល់ចំណុចសូន្យ ជាពិសេសក្នុងកាលៈទេសៈដែលប្រជាជន កម្ពុជាកំពុងរស់នៅក្នុងសុខសន្តិភាព មានបុគ្គលអ្នកនយោបាយជ្រុលនិយមមួយ ចំនួនតូចនៅសហរដ្ឋអាមេរិក ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យស្រលាញ់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យបាននិងកំពុងញុះញង់មិនចេះចប់មិនចេះហើយឲ្យមានការដាក់ទណ្ឌកម្មឬចាត់វិធានការរឹតបន្ដឹងផ្សេងៗមកលើប្រទេសកម្ពុជាដែលជាប្រទេសទន់ខ្សោយតូចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ធ្លាប់ជាជនរង គ្រោះដោយសារឥទ្ធិពលរបស់មហាអំណាច ។
សច្ចធម៌ប្រវត្តិសាស្ត្រ ជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលបានបន្សល់ទុកនូវស្លាកស្នាមប្រវត្តិសាស្ត្រដ៏ជូរចត់រហូតមកដល់ បច្ចុប្បន្នស្តែងឲ្យឃើញថាក្រោយពីការបញ្ចប់នូវរបបអាណានិគមប្រជាជនកម្ពុជាមានពេលវេលាតិចតួចបំផុតដែលបានរស់នៅក្នុងសុខសន្តិភាពពេញលេញ ។ ប្រសិនបើយើងពិនិត្យមើល ប្រវត្តិសាស្ត្រ ដ៏ជូរចត់ខ្លោចផ្សារបស់កម្ពុជា យើងនឹងឃើញថា រដ្ឋដ៏តូច និងទន់ខ្សោយមួយនេះ បានរងគ្រោះ ឥតឈប់ឈរក្រោយ រួចផុតពីនឹមអាណានិគមនិយមបារាំង ហើយមិនយូរប៉ុន្មានក៏បានបន្តធ្លាក់ទៅក្នុងវិបត្តិសង្គ្រាមជាបន្តបន្ទាប់ដោយបានក្លាយជាទីតាំងនៃរណ្តៅគ្រាប់បែករាប់លានគ្រាប់របស់សហរដ្ឋអាម៉េរិក មុននឹងបន្តធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង ។
ប្រជាពលរដ្ឋទូទៅសុទ្ធតែបានដឹងយ៉ាងច្បាស់ថា ខណៈដែលប្រទេសកម្ពុជា កំពុងទទួលរងទុក្ខវេទនា យ៉ាងខ្លោចផ្សា បែរជារបបប្រល័យពូជសាសន៍មួយនេះត្រូវបានទទួលការគាំទ្រយ៉ាងងងើលពីប្រទេសមួយ ចំនួនដែលស្រលាញ់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរួមទាំងសហរដ្ឋអាម៉េរិកឲ្យអង្គុយក្នុងអសនៈនៃអង្គការសហប្រជាជាតិធ្វើជាតំណាងឲ្យប្រជាពលរដ្ឋដែលរបបរបស់ខ្លួនកាប់សម្លាប់ទៅវិញ។មិនត្រឹមតែមិនបានមើលឃើញនូវតថភាពប្រវត្តិសាស្ត្រទាំងនេះអ្នកនយោបាយមួយក្តាប់តូចនៅសហរដ្ឋអាម៉េរិក បែរជាយកលេសក្រោមហេតុផលសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មកធ្វើការគាបសង្កត់ក្នុងមហិច្ឆតាបំផ្លិចបំផ្លាញ
សមិទ្ធផលផ្លែផ្កានៃសន្តិភាពដែលរាជរដ្ឋាភិបាលបានខិតខំកសាងប្រទេសដ៏កម្សត់មួយនេះចេញពីគំនរផេះផង់ទាំងពួកគេដឹងយ៉ាង ច្បាស់ថាគ្មានប្រទេសណាមួយនៅលើសកលលោក រួមទាំងនៅសហរដ្ឋអាម៉េរិផងដែរអនុវត្តបានល្អឥតខ្ចោះលើវិស័យ សិទ្ធិមនុស្សនោះទេ។
តាមពិត រដ្ឋាភិបាលកម្ពុជាទៅវិញទេ ដែលជា អ្នកបានធ្វើពលិកម្ម ក្នុងបុព្វហេតុស្តារឡើងវិញនូវសិទ្ធិ និងសេរីភាព ឲ្យងើបចេញពីរណ្តៅប្រល័យពូជសាសន៍ រហូតទាមទារបានមកវិញនូវសិទ្ធិជាមូលដ្ឋានទាំងស្រុងរបស់មនុស្ស រួមមាន សិទ្ធិរស់រានមានជីវិតសិទ្ធិទទួលបានការអប់រំនិងសិទ្ធិជាមូលដ្ឋានដទៃទៀត។ផ្ទុយទៅវិញអន្តរជាតិរួមទាំងបុគ្គលមួយក្តាប់តូចនៅសហរដ្ឋអាមេរិកនោះគួរតែសាទរចំពោះការខិតខំស្តារឡើងវិញនូវប្រទេសដ៏អភ័ព្វមួយនេះ និងការខិតខំត្រដររស់ ទាំងលំបាក រហូតបង្កើតបានសមិទ្ធផលសង្គមដូចសព្វថ្ងៃ។ យើងអាចចោទសួរវិញថា តើការព្យាយាមលើក យកហេតុផលសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យគឺជាចេតនាចង់បង្កើតរបបប្រល័យពូជសាសន៍ដែលពួកបុគ្គលមួយចំនួននៅសហរដ្ឋអាម៉េរិកធ្លាប់គាំទ្រនោះឬយ៉ាងណា ។
ជាការពិតណាស់ កម្ពុជា និងសហរដ្ឋអាម៉េរិក គឺជារដ្ឋអធិបតេយ្យដូចគ្នា ហើយការសម្រេចធ្វើអ្វីមួយគឺសិទ្ធិអធិបតេយ្យផ្តាច់ មុខរបស់ខ្លួន។ ក៏ប៉ុន្តែទោះបីយ៉ាងនេះក្តី គប្បីធ្វើការថ្លឹងថ្លែងពិចារណាឲ្យបាន ដិតដល់ថា កម្ពុជាពុំដែលបង្កឲ្យមានអរិភាព ឬភាពល្អក់កករណាមួយក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងនិងសហរដ្ឋអាម៉េរិកនោះទេហើយកម្ពុជាទៅវិញទេដែលបានក្លាយជាជនរងគ្រោះម្តងហើយម្តងទៀតពីទង្វើរបស់អ្នកនយោបាយសហរដ្ឋអាម៉េរិកមួយចំនួននិងការលូកដៃកកូរកកាយដល់ស្ថិរភាពផ្ទៃក្នុង និងសន្តិភាព របស់កម្ពុជា។ បច្ចុប្បន្ននេះ ខណៈដែលពលរដ្ឋអាម៉េរិកកំពុងដំណើរការរៀបចំការបោះឆ្នោត និងកំពុងកើត មានបញ្ហាចំរូងចំរាស់ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោត កម្ពុជាតែងបានរក្សាជំហរអព្យាក្រិត្យរបស់ខ្លួន ដោយមិន ចូលរួមញុះញង់កកូរកកាយដល់បញ្ហាផ្ទៃក្នុងរបស់សហរដ្ឋអាម៉េរិកឡើយ និងទុកលទ្ធភាពជូនពលរដ្ឋអាម៉េរិកដោះស្រាយ បញ្ហាផ្ទៃក្នុងរបស់ខ្លួនដោយសន្តិវិធី និងដោយសេចក្តីថ្លៃថ្នូរ ផ្ទុយពីសហរដ្ឋអាម៉េរិកដែលបានធ្លាប់ ធ្វើមកលើកម្ពុជា ក្នុងរយៈពេលកន្លងមក ។ កម្ពុជាអបអរសាទរចំពោះពលរដ្ឋអាម៉េរិក ក្នុងការអនុវត្តសិទ្ធិ ស្វ័យសម្រេចលើអនាគត និងជោគវាសនាប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង ហើយប្រជាជនកម្ពុជាក៏ចង់ បានត្រឡប់មកវិញពីសហរដ្ឋអាម៉េរិក ដូចដែលកម្ពុជាកំពុងអនុវត្តចំពោះសហរដ្ឋអាមេរិកដូចគ្នាដែរ ។
កម្ពុជាតែងមានបំណងល្អ និងខិតខំពូនជ្រទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយ សហរដ្ឋអាម៉េរិក រួមទាំងបណ្តាប្រទេសជិតខាង និងប្រទេសជាមិត្តទាំងឡាយ។ ការវិវត្តន៍ក្នុងរយៈពេលចុង ក្រោយនេះ ឃើញថា កម្ពុជា និងសហរដ្ឋអាមេរិកតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតបាននិងកំពុងខិតខំស្តារនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើង ទោះបីជាជួបប្រទះនូវបញ្ហារអាក់រអួលមួយចំនួន នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
ក្នុងនាមមន្ត្រីរាជការចូលនិវត្តន៍ និងផ្អែកតាមតថភាពនៃប្រវត្តិសាស្ត្រ យើងខ្ញុំមានក្តីសង្ឃឹមយ៉ាង មុតមាំថា ឯកឧត្តម ឯកអគ្គរដ្ឋទូត និងអ្នកនយោបាយគ្រប់រូបនៅសហរដ្ឋអាម៉េរិក នឹងបន្តចូលរួមចំណែកលើកស្ទួយទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិ ការទ្វេភាគីនេះឲ្យកាន់តែប្រសើរឡើងដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួមរបស់ប្រជាជននិងប្រទេសទាំងពីរហើយសូមកុំទាញកម្ពុជាឲ្យដើរជាន់ដានប្រវត្តិសាស្ត្រខ្លួនឯងដូចសហរដ្ឋអាម៉េរិកធ្លាប់បានធ្វើមកលើកម្ពុជានៅក្នុងទសវត្សរ៍៦០ រហូតដល់ទសវត្សរ៍៩០ ៕
ដោយសេចក្តីគោរពរាប់អាន! ពីយើងខ្ញុំដែលជាមន្ត្រីចូលនិវត្តន៍នៃក្រសួងមហាផ្ទៃ


