ឈប់យល់ច្រឡំ ថាមៀនប៉ៃលិន ជាដំណាំនាំចូល ពីបរទេស គឺខេត្តបៃលិន ជាម្ចាស់ដំណាំនេះផ្ទាល់

ខេត្តប៉ៃលិន ៖ ជាទូទៅ មានបងប្អូនប្រជាពលរដ្ឋ ជាច្រើន នៅយល់ច្រឡំហើយគិតថា មៀន ដែលដាំនៅខេត្តប៉ៃលិន គឺជាដំណាំដែលចូលពីបរទេស ដូច្នេះដើម្បីស្រាយចម្ងល់ ថាតើ មៀនដែលដាំនៅខេត្តប៉ៃលិន មានប្រភពមកពីណា?។ បើតាមមន្រ្តីជំនាញនៅខេត្តប៉ៃលិន បានអោយរៀបរាប់អោយដឹងថា មៀន ប្រភេទនេះ គឺមានរូបរាង និងរស់ជាតិ ប្រហាក់ប្រហែល និងស្រដៀង ទៅនឹង មៀន ធម្មតា និង ត្រូវបានរកឃើញតាំងពីមុនទសវត្ស៍ឆ្នាំ៦០ ដែលដំណាំប្រភេទនេះ គឺជាដំណាដែលដុះនៅក្នុងព្រៃ នាខេត្តប៉ៃលិន លូតលាស់ដោយធម្មជាតិ មិនមានអ្នកមើលថែនោះទេ។

លុះរយៈកាលក្រោយមក ក៏មានបងប្អូនប្រជាកសករ មួយចំនួន បានយកចិត្តដាក់ទៅលើដំណាំមួយនេះ ដោយដាំដុះ តាមលក្ខណៈបច្ចេកទេស ធ្វើអោយដាំណាំមួយនេះ កាន់តែមានឈ្មោះបោះសំលេង និងបានដាក់ឈ្មោះ ដំណាំមួយនេះថា មៀនប៉ៃលិន ដោយយោងតាម មៀននេះ មានដមើកំណើតនៅខេត្តប៉ៃលិន។ រហូតមកដល់បច្ចុប្បន្ន មៀនប៉ៃលិន ក៏មានវត្តមាននៅតាមបណ្តាខេត្តផ្សេងៗមួយចំនួនផងដែរ ប៉ុន្តែរស់ជាតិ បែរជាមិនដូចម្ចាស់ប្រភពដើម គឺរស់ជាតិ អាស្រ័យតាមខេត្តនោះតែម្តង។

ដូច្នេះ មៀនប៉ៃលិន គឺមានប្រភព និងដើមកំណើត នៅខេត្តប៉ៃលិន ដែលជាខេត្តមានសក្តានុពលខ្លាំង លើកដំណាំហូបផ្លែ។

ខេត្តប៉ៃលិន មានទីតាំងស្ថិតនៅប៉ែកខាងលិច នៃព្រះរាជាណាចក្រកម្ពុជា មានចំងាយ ប្រមាណ ៣៧១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលមានព្រំប្រទល់៖ ខាងជើងជាប់នឹង ស្រុកកំរៀងខេត្ត បាត់ដំបង – ខាងត្បូងជាប់នឹង ស្រុកសំឡូតខេត្ត បាត់ដំបង – ខាងកើតជាប់នឹង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង – ខាងលិចជាប់នឹង ស្រុកពោងណាំរ៉ង ខេត្តច័ន្ទបូរី ប្រទេសថៃឡងដ៍។

ខេត្តប៉ៃលិនមានទំហំផ្ទៃដីសរុប ១.០៦២ គីឡូម៉ែត្រការ៉េ ដែលក្នុងនោះមាន ដីសម្រាប់ដំណាំកសិកម្ម ៧៥ ៩៤៦ ហិកតាដីតំបន់ភ្នំ និងអភិរក្ស ចំនួន ១៤ ៤៥៤ ហិកតា និងដីសំរាប់លំនៅដ្ឋានមាន ១៥.៨០០ ហិកតា។ ខេត្តប៉ៃលិន ចែកចេញជាក្រុងប៉ៃលិន និងស្រុកសាលាក្រៅ មាន ០៤ សង្កាត់ និង ០៤ ឃុំ ភូមិចំនួន ៩០ ភូមិ ហើយប្រជាជនភាគច្រើនប្រកបរបរធ្វើចំការ ស្រែ កម្មករ លក់ដូរ រកត្បូង និង សិប្បកម្មកែច្នៃជាដើម។ល។ សណ្ឋានដីរបស់ខេត្តប៉ៃលិន ជាតំបន់ខ្ពង់រាប មានព្រៃភ្នំពណ៌ខៀវស្រងាត់ ស្រស់បំព្រង ដែលមានតំបន់អភិរក្សឈ្មោះ “តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត” មានទំហំ ៦០ ០០០ ហិកតា អាកាសធាតុ ជាទូទៅមានស្ថានភាពត្រជាក់ល្មម ក្នុងការរស់នៅអតិបរមា ៣២ អង្សាសេ អប្បរមា ២៥,៥ អង្សាសេ។

មានរឿងនិទាន និងដំណាំលតៗគ្នាថា នៅឆ្នាំ១៨៤៦ មានព្រានប្រម៉ាញ់ជនជាតិកូឡា និងខ្មែរសុរិន្ទមួយក្រុមបានមកស្នាក់នៅក្នុងស្រុកទ័ពជ័យ ខេត្តច័ន្ទប៊ុន (បច្ចុប្បន្នថៃហៅថាតាប់សៃ ខេត្តច័ន្ទបូរី)។ ក្រុមបរបាញ់បានតាមបរបាញ់សត្វរហូតមកដល់ទឹកដីព្រៃភ្នំដងអូរក៏ប្រទះឃើញសត្វភេកំពុងលេងទឹក ក៏នាំគ្នាចុះទៅងូតទឹក ពេលនោះក៏រើសបានត្បូងថ្មរក្សាទុក។ ព័ត៌មាននេះក៏បានលេចលឺសុះសាយដល់ជនជាតិកូឡា ឡាវ និងខ្មែរសុរិន្ទប្រមាណ ២៥ គ្រួសារ បានមកតាំងលំនៅដ្ឋានប្រកបរបរបាញ់សត្វ និងដើររើសត្បូងលក់ក្នុងតំបន់ភេលេងនេះ។ លុះដល់ឆ្នាំ១៩០៩ ជនជាតិបារំាងសែស (សម័យអាណានិគមនិយម) បានរកឃើញតំបន់នេះ និងបានរៀបចំជាតំបន់រដ្ឋបាលដោយឲ្យឈ្មោះថា ស្រុករតនៈមណ្ឌល បប៉ៃលិន។ ពា្យថា “បប៉ៃលិន” ផ្សំដោយពាក្យថា “ប” មានន័យថា អណ្តូង និងពាក្យ “ប៉ៃលិន” ក្លាយមកពីពាក្យថា “ភេលេង”។ ចាប់ពីពេលនោះមកទឹកដីត្បូងពេជ្រ “បប៉ៃលិន” មានមនុស្សមករស់នៅកាន់តែច្រើនឡើងៗ រហូតមកដល់សម័យសង្គមរាស្រ្តនិយម រាជរដ្ឋាភិបាលបានរៀបចំបង្កើតជាអនុខេត្តបប៉ៃលិន។ ប៉ុន្តែមិនទាន់បានរៀបចំជាតំបន់រដ្ឋបាលនៅឡើយទេ។ នៅឆ្នាំ១៩៧០-១៩៧៥ សម័យសាធារណៈរដ្ឋខ្មែរ បានបង្កើតជាក្រុងប៉ៃលិនមង្គល ដែលមានខណ្ឌចំនួន ០៤ គឺ ខណ្ឌប៉ៃលិន ខណ្ឌកំរៀង ខណ្ឌសំឡូត និង ខណ្ឌវឌ្ឍនសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការការពារបូរណភាពទឹកដី និងគ្រប់គ្រងរដ្ឋបាល។

នៅឆ្នាំ១៩៧៥-១៩៧៩ ទឹកដីប៉ៃលិនគ្មានប្រជាជនរស់នៅទេ។ ចាប់តាំងពីឆ្នាំ១៩៧៩-១៩៨៩ទឹកដីប៉ៃលិន គ្រប់គ្រងដោយរដ្ឋបាល នៃរដ្ឋកម្ពុជា។ ចាប់ពីឆ្នាំ១៩៨៩-១៩៩៦ ទឹកដីប៉ៃលិន គ្រប់គ្រងដោយរដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ។ ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩៦ ទឹកដីប៉ៃលិន បានបញ្ចូលសមាហរណកម្មដោយរួមមាន តំបន់រដ្ឋបាល កងកំលាំងប្រដាប់អាវុធ និងប្រជាជន ចូលរួមជាមួយរាជ- រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជកិច្ចផ្សះផ្សារបង្រួបបង្រួមជាតិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ ជាទីសក្ការៈ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់នៃយើង និងក្រោមការដឹកនាំ ប្រកបដោយ ភាពឈ្លាសវៃ ប៉ិនប្រសព្វ ក្នុងន័យស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត នយោបាយ ឈ្នះ ! ឈ្នះ ! របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ក្នុងអាណត្តិទី១ បន្ទាប់ពីបោះឆ្នោតឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។

ទឹកដីប៉ៃលិន ត្រូវបានបង្កើតជាក្រុងប៉ៃលិន ដែលមានថ្នាក់ប្រហាក់ប្រហែលនឹង ខេត្ត ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ ជស/រកត/០៧៩៧/១៤៤ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩៧។ បន្ទាប់មកក្រុងប៉ៃលិន ត្រូវបានប្តូរឈ្មោះមកជាខេត្តប៉ៃលិន ដែលមានថ្នាក់ប្រហែលនឹង រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/១២០១៨/១៣៨៤ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨។ ចាប់ពីពេលនោះមក ប៉ៃលិនមាននការស្តារអភិវឌ្ឍន៍ និង រីកចំរើនជាបន្តបន្ទាប់តរៀងមក។

រហូតមកដល់បច្ចុប្បន្ន ខេត្តប៉ៃលិន បានឆ្លងកាត់ អភិបាលខេត្តចំនួន៣រូប រួចមកហើយ មានដូចជា ៖ ឯកឧត្តម អ៊ី ឈាន អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន (១៩៩៨-២០១៣)។ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន (២០១៤-២០១៨)។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន (២០១៨ រហូតមកដល់បច្ចុប្បន្ន)៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២