រដ្ឋមន្ត្រី​ក្រសួងការបរទេស បញ្ជាក់ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន និងជាប់ចំណាត់ថ្នាក់លេខ១៧ ក្នុងពិភពលោក ដែលបានបញ្ជូនកងទ័ពជាស្ត្រី ចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិ​បត្តិ​ការ អន្តរ​ជាតិ ថ្លែងនៅក្នុងក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពី “ការ​ពង្រឹង​តួនាទី​ស្ត្រី​ក្នុង​ការ​កសាង និងការថែរ​ក្សា​សន្តិ​ភាព៖ ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល” កាលពីទី០៧ ខែធ្នូ ម្សិលមិញ តាមរយៈប្រព័ន្ធវីដេអូថា ស្ត្រី និងក្មេងស្រី មានអំណាចក្នុងការផ្លាស់ប្តូរ និងជំរុញការអភិវឌ្ឍប្រកបដោយវិជ្ជមាន​។ ពួកគេអាចចូលរួមចំ​ណែក​ជួយ​កសាងសង្គមប្រកបដោយភាពត្រឹមត្រូវ បរិយាប័ន្ន វិបុលភាព និងសន្តិភាព។ ទោះបី​ជាយ៉ាង​ណា​ក៏ដោយ ផ្នត់គំនិតអំពី​សក្ដានុពល​ និងការ​ពាក់ព័ន្ធ​របស់​ស្ត្រី និងក្មេងស្រី នៅតែបន្តកើតមាន ជាពិ​សេស ក្នុងវិស័យកសាង សន្តិភាព និងសន្តិសុខ។

ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា សមភាពយេនឌ័រ គឺជាតម្លៃស្នូលមួយក្នុងចំណោមតម្លៃស្នូលជាច្រើនទៀត ដែលបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបាន​បញ្ជ្រាប​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ និង​គោល​នយោបាយ​អភិវឌ្ឍន៍ជាតិ​នៅគ្រប់​កម្រិត​។

ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នមន្ត្រីរាជការជាស្ត្រីមានចំនួន៤១ភាគរយ ក្នុងចំណោមមន្ត្រីរាជការសរុប ទាំងអស់ ក្នុងឆ្នាំ ២០២០ ហើយតួលេខនេះ កំពុងតែកើនឡើង​ក្នុងតួនាទី​ជា​អ្នកដឹកនាំ និងក្នុងមុខតំណែងជាអ្នកធ្វើសេចក្តីសម្រេចចិត្ត។ ស្ត្រីកម្ពុជាបច្ចុប្បន្នបានទទួលនូវការគាំទ្រ និងការគាំពារសង្គមកាន់តែប្រសើរឡើង តាមរយៈការជំរុញឱ្យទទួលបានការថែរក្សាសុខភាព ការការពារ​ផ្នែកច្បាប់ និងយុត្តិធម៌ប្រឆាំងនឹងអំពើហិង្សា ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ហើយធនធាន​សេដ្ឋកិច្ច ដូចជា តាមរយៈការពង្រីកឥណទានសម្រាប់ សហគ្រាសធុនតូចបំផុត តូច និងមធ្យម ដែលមាន​ចំនួន៦១ភាគរយ គ្រប់គ្រងដោយស្ត្រី។

ឯកឧត្តម ប្រាក់ សុខុន បន្តថា ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពជាស្ត្រីចំនួន៤១៩នាក់ ក្នុងចំ​ណោម​កងរក្សាសន្តិភាព សរុបចំនួន ៧.១២៣ នាក់ ទៅកាន់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩។ ឆ្នាំនេះ ស្ត្រីចំនួន៩២នាក់ ក្នុងចំណោមកងរក្សាសន្តិភាព​កម្ពុជា​ចំនួន៧៨១នាក់ កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រាំប្រទេស។ បច្ចុប្បន្នកម្ពុជាជាប់ចំណាត់ ថ្នាក់លេខ២ នៅក្នុងអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងជាប់ចំណាត់ថ្នាក់លេខ១៧ ក្នុងពិភពលោក ដែលបានបញ្ជូនកងទ័ពជាស្ត្រី ចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២