អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ បញ្ជាក់ ពីការបញ្ជា​ទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់​ ចំនួនមួយលានដូស ហើយវ៉ាក់សាំងនោះ ​នឹង​ទទួល​បាន​ជាដំណាក់​កាលៗ

ភ្នំពេញ ៖ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ បាន​បញ្ជាក់ ក្រោយមាន​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​មួយ​ចំនួន​ មាន​ការ​ភាន់​ច្រឡំលើ​គ្រោង​ការ​ទិញ​វ៉ាក់សាំង​របស់ប្រទេស​កម្ពុជា ​ថា កម្ពុជា​បានបញ្ជា​ទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់​ (COVAX Facility) ចំនួនមួយលានដូស​ ដែល​នឹង​ទទួល​បាន​ជាដំណាក់​កាលៗ។

លោក​ជំទាវ​បន្ត​ថា វ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញ​នេះ​ តម្រូវឲ្យមានការវាយតម្លៃគុណភាពនិងប្រសិទ្ធិភាពជាមុនដោយអង្គការសុខភាពពិភពលោក​ ទើបមជ្ឈមណ្ឌលកូវ៉ាក់ធ្វើការបែងចែក មកបណ្តាប្រទេស កំពុងអភិវឌ្ឍន៌ដែលជាសមាជិករបស់មជ្ឈមណ្ឌលនេះ។

លោក​ជំទាវ​បន្ត​ទៀតថា កម្ពុជា​នឹងទទួលបានវ៉ាក់សាំងនៅពេលណានោះ​ គឺមិនទាន់ដឹងបាននៅពេលនេះនៅឡើយទេ​ ដោយ អាស្រ័យលើមជ្ឈមណ្ឌលកូវ៉ាក់នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩​ នៅពេលណា​ដែរ ហើយ​អង្គការសុខភាពពិភពលោក​ បានវាយតម្លៃវ៉ាក់សាំងនោះជាមុននូវប្រសិទ្ធិភាព​ និងគុណភាពវ៉ាក់សាំងនោះឲ្យបានរួចរាល់ជាមុនដែរមុននឹងធ្វើការបែងចែក)។

ដូច្នេះ​ ប្រសិនបើក្រុមហ៊ុនផលិតវ៉ាក់សាំងពីប្រទេសណាមួយ​ រួមទាំងប្រទេសចិនផងដែរនោះ​ អាចផលិតបានសម្រេចផលចុងក្រោយ​ ហើយផ្គត់ផ្គង់ទៅមជ្ឈមណ្ឌលកូវ៉ាក់តាមការឯកភាពគ្នាជាមុននោះ ហើយអង្គការសុខភាពពិភលោកក៏បានវាយតម្លៃប្រសិទ្ធិភាពនិងគុណភាពរួចរាល់ជាមុនដែរនោ​ៗសមភាព នៃការបែងចែកនឹងត្រូវបានធ្វើទៅតាម សភាពជាក់ស្តែង នៃចំនួនវ៉ាក់សាំងដែលទទួលបានដែលត្រូវបែងចែកឲ្យទៅបណ្តាប្រទេសដែលជាសមាជិកដោយមជ្ឈមណ្ឌលកូវ៉ាក់នេះតែម្តង។

លោកជំទាវក៏សូមកុំមានការពន្យល់ ឫបកស្រាយណាមួយដែលផ្ទុយទៅនឹងគោលការណ៌ដែលកម្ពុជា បានប្រកាន់យក ជាពិសេសសូមលោកអ្នក មេត្តាកុំលើកយកប្រសាសន៌ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងការណ៌ជូនបងប្អូនជនរួមជាតិ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ មកបកស្រាយខុសដូច្នេះអីណា។ បើចង់ quote ប្រសាសន៌សម្តេចតេជោ សូមមេត្តា លើកយកចំណុចណាមួយទាំងស្រុងតែម្តង ចៀសវាងការសរសេរខុស បកស្រាយខុស ឫការភ័ន្តច្រឡំណាមួយដែលអាចកើតមាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២