ពិព័រណ៍រូបថត ក្រោមប្រធានបទ “ការអញ្ជើញតាមវិថីសូត្រ” លើកទី១ រយៈពេល៧ថ្ងៃ នៅអគារសមាគមសម្ព័ន្ឋខ្មែរចិន

ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) រួមសហការជាមួយមន្ទីរព័ត៌មាន ខេត្តកានស៊ូ នៃប្រទេសចិន បានប្រារព្ឋកម្មវិធីពិព័រណ៍រូបថត ក្រោមប្រធានបទ “ការអញ្ជើញតាមវិថីសូត្រ” លើកទី១ ដែលជាការផ្លាស់ប្តូរវប្បធម៌ប្រជាប្រិយ ជនជាតិកានស៊ូ នៃប្រទេសចិន ក្នុងប្រទេសកម្ពុជា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែធ្នូ ឆ្នាំ២០២០ នៅអគារសមាគមសម្ព័ន្ឋខ្មែរ ចិន។

កម្មវិធីនេះ​ មានការអញ្ជើញវាគ្មិនចូលរួមចុច ប៊ូតង់បើកពិព័រណ៌ផ្លូវការជានិមិត្តរូប ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និង សោតទស្សន៍ នៃក្រសួងព័ត៌មាន, លោកឧកញ៉ា ជុង ឃាង ប្រធានសមាគមចិននៅកម្ពុជា, លោក ទេស សារ៉ារិទ្ឋ សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ភាគីកម្ពុជា និង លោក លីវ ស៊ាវគ័ង សហប្រធានភាគីចិន។

លោកជំទាវ ភឿង សកុណា ថ្លែងតាមរយៈវីដេអូ ថា ការតាំងពិព័រណ៍រូបថតលើកនេះ រួមមានរូបភាពចំនួន ៨០ផ្ទាំង និងផ្ទាំងគំនូរ ថាំង ខា ដែលជារូបគំនូរបត់ Original Paint មួយចំនួនផងដែរ។ ពិព័រណ៍រូបថតនេះមានពីរផ្នែក ផ្នែកទី១ គឺដើម្បីឆ្លុះបញ្ចាំងពីបរិស្ថានធម្មជាតិ និង វប្បធម៌ ទំនៀមទម្លាប់របស់ប្រជាជនចិនខេត្តកានស៊ុ និង ផ្នែកទី២ បង្ហាញពីប្រសិទិ្ឋភាពនៃការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ស្វយ័ត កានណាន ជាទីវប្បធម៌ដ៏ចំណាស់របស់ជនជាតិភាគតិចទីបេ និង របៀបនៃការផ្លាស់ប្តូរអន្តរកម្មរវាងជនជាតិភាគតិចនិមួយៗនៅក្នុងខេត្តនេះ។

លោកជំទាវ ភឿង សកុណា ថ្លែងបន្តថា ៖ តាមរយៈការតាំងពិព័រណ៍រូបភាព ជាពិសេសគំនូរ ថាំង ខា ភាគីចិនមានបំណងបើកទូលាយឱ្យ ទស្សនិកជននៅក្រៅប្រទេស ពិសេសប្រជាជនកម្ពុជាស្វែងយល់ពីវប្បធម៌ និង ទំនៀមទម្លាប់ របស់ជនជាតិភាគតិចនៅភាគពាយ័ព្យនៃប្រទេសចិន ដែលជាផ្នែកមួយសំរាប់ការកសាងស្ពានផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិននិងប្រទេសកម្ពុជាផងដែរ។

លោក វ៉ាង វ៉េងធាន (Wang Wen Tian) ឯកអគ្គរដ្ឋទូតចិត្តប្រចាំកម្ពុជា ក៏បានថ្លែងតាមរយៈវីដេអូ ដែរថា៖ ប្រទេសចិននិងកម្ពុជា គឺជាប្រទេសជិតខាងល្អដែលមានភាពជិតស្និទ្ធនិងរួសរាយរាក់ទាក់បំផុត និងជាសហគមន៍ជោគវាសនារួមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ហើយប្រទេសទាំងពីរបានរួមសុខទុក្ខនិងតែងជួយគ្នាទៅវិញទៅមក។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ បានរួមសុខទុក្ខលើក្បូនតែមួយ បានពុះពាររាល់ឧបសគ្គនិងការលំបាកជាមួយគ្នា បានយកសកម្មភាពជាក់ស្តែងមកបញ្ជាក់ពីអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា ចូលរួមជំរុញកិច្ចទំនាក់ទំនងប្រទេសទាំងពីររឹតតែល្អប្រសើរថែមមួយកម្រិតទៀតក្នុងស្ថានភាពនៃការសាកល្បងរបស់ជំងឺវីរុសមួយនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២