កណ្ដាល ៖ ដោយសារតែខឹងអ្នជិតខាង ជេរដៀមដាម រឿងកាប់មែកឈើ លោកតាអាយុ៨៦ឆ្នាំម្នាក់ ដឹកកាំបិតផ្គាក់ ចាំកាប់គូទំនាស់ ២នាក់ប្តីប្រពន្ធ រងរបួសធ្ងន់។ ករណី ហិង្សា ដោយចេតនានេះ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិ ស្ទឹង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា កន្លងមក ជនសង្ស័យនិងជនរងគ្រោះធ្លាប់ មានជម្លោះទាស់ពាក្យសំដីគ្នារឿងព្រំដី រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យបានយកកំបិតផ្គាក់កាប់មែកឈើរបស់ជនរងគ្រោះដែលទៅចូលដីរបស់ខ្លួនក៏មានការជេរដៀមដាមគ្នារហូតមកដល់ថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០២០ ជនសង្ស័យ បានជិះកង់ដាក់កាំបិតផ្គាក់ចងពីក្រោយទៅចាំស្ទាក់ផ្លូវជនរងគ្រោះមុន រហូតដល់ម៉ោងប្រមាណ៣រសៀល ជនសង្ស័យបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា ក៏ស្ទុះមកកាប់ជនរងគ្រោះទាំង២នាក់ បណ្ដាលឲ្យរបួសយ៉ាងដំណំ។ ចំណែកឯជនសង្ស័យ បន្ទាប់ពីកាប់ជនរងគ្រោះរួច ក៏បានជិះកង់របស់ខ្លួនត្រឡប់មកផ្ទះវិញ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ជនរងគ្រោះ២នាក់ ទី១.ឈ្មោះ សាន់ សុខា អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ និង ប្រពន្ធ ឈ្មោះ ស្រ៊ុន លាវ អាយុ៤៩ឆ្នាំ។ ចំណែកជនសង្ស័យ ឈ្មោះ ស៊ឹង ប៉ឹង អាយុ៨៦ឆ្នាំ មានទីលំនៅភូមិរុន ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ដោយឡែកវត្ថុតាងចាប់យក កង់មួយគ្រឿងនិងកំបិតផ្គាគ់ ផ្លែដែកដងឬស្សី ប្រវែង៩០សង់ទីម៉ែត្រ៕

