កណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ក្រោយពីមានទំនាស់ជាមួយប្រពន្ធរួច បានមួយថ្ងៃក្រោយមក ក៏ទូរស័ព្ទហៅបងប្រុសខ្លួនឯងពីខេត្តកំពង់ចាម ឲ្យមកជួបនៅផ្ទះរបស់ខ្លួន នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ដោយនិយាយថា មានការបន្តិច ខណៈបងមកដល់ផ្ទះ ក៏ដកកាំភ្លើងខ្លីបាញ់ទៅលើបងប្រុសខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់មកក៏បាញ់ទៅលើឪពុកក្មេកបន្ថែមទៀត តែសំណាងល្អ មិនផ្ទុះ ក៏ប្រតាយប្រតប់ជាមួយឪពុកក្មេក រួចរត់គេចខ្លួនបាត់ស្រមោល។ ករណីនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ សៀមមី ភេទប្រុស អាយុជាង៤៣ឆ្នាំ មុខរបរជាងភ្លើង ទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម(ត្រូវជាបងបង្កើតជនសង្ស័យ)។ ចំណែកជនសង្ស័យឈ្មោះ ឆាយ សាលាភ ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅក្នុងភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ (គេចខ្លួន)ត្រូវជាប្អូនបង្កើតជនរងគ្រោះ ។ ដោយឡែកវត្ថុតាងចាប់យក៖
អាវុធខ្លី១ដើមម៉ាក Lock 98 បង់១ គ្រាប់ចំនួន១០ (ជារបស់ជនសង្ស័យមិនដឹងបានមកពីប្រភពណា)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យបានមានទំនាស់ជាមួយប្រពន្ធខ្លួនឯង ខណៈនោះ ជនរងគ្រោះជាបងបានចូលទៅជួយសម្របសម្រួល ឲ្យឈប់ឈ្លោះគ្នា តែបែជាជនសង្ស័យខឹងជនរងគ្រោះវិញថា.ជនរងគ្រោះចេះដឹងរឿងប្តីប្រពន្ធ និងចង់បំបែកបាក់ប្តីប្រពន្ធគេ។
លុះស្អែកឡើង វេលាម៉ោង០៤ទៀបភ្លឺ នាថ្ងៃកើតហេតុខាងលើ.ជនសង្ស័យបានតេទូរសព្ទ័ហៅជនរងគ្រោះពីខេត្តកំពង់ចាម ឲ្យឡើងមកជួបនៅផ្ទះរបស់ខ្លួននៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីនិយាយគ្នាបន្តិច។ ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូឡើងមកជួបជនសង្ស័យតាមការណាត់ ខណៈមកដល់មិនទាន់បាននិយាយអ្វីផង ក៏ត្រូវជនសង្ស័យដកកាំភ្លើងខ្លី ម៉ាកឡុក បាញ់ ជនរងគ្រោះ ត្រូវចំក្រោមក្លៀកខាងស្តាំធ្លាយគ្រាប់ទៅក្រោយមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ ហើយជនសង្ស័យបាន រកបាញ់ ឪពុកក្មេក តែមិនផ្ទុះ និងប្រតាយប្រតប់គ្នា ជ្រុះកាំភ្លើងត្រូវឪពុកក្មេកយកបាន រួចជនសង្ស័យបាន ជិះម៉ូតូគេចខ្លួនសំដៅ ទៅភ្នំពេញតែម្ដង។
ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍រការខ្ពស់ទទួលបានព័ត៍ខាងលើ ភ្លាមនោះក៏រាយការណ៍ទៅនគរបាលជំនាញស្រុក និងខេត្ត ដើម្បីពិនិត្យស្រាវជ្រាវរកជនសង្ស័យចាត់ការតាមនីតិវិធីច្បាប់៕


