ភ្នំពេញ ៖ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម នឹងចុះត្រជាក់ក្នុងកម្រិតសីតុណ្ហភាពអប្បបរមា ពី ២១-២៤ អង្សា ចាប់ពីថ្ងៃទី ២៣ – ២៩ ខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅថ្ងៃទី ២៣-២៤ ខែធ្នូ ភាគខាងជើងនៃប្រទេសកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និង ភាគខាងត្បូងនៃប្រទេសកម្ពុជា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្មក្រវាញលើកទី ២៣ ។ នៅថ្ងៃទី ២៥-២៩ ខែធ្នូ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម ។
ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២១-២៤ អង្សា និង សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ អង្សា។ នៅថ្ងៃ២៣-២៥ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ ។ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៨ អង្សា។
បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបសាន មានសីតុណ្ហភាពអប្បបរមា មានពី ១៩-២២ អង្សា សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ អង្សា។ នៅថ្ងៃទី ២៣-២៥ ខែធ្នូ មានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ។ សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៤-២៧ អង្សា។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥ អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ អង្សា។ នៅថ្ងៃទី ២៣-២៤ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ និងនៅលើផ្ទៃសមុទ្រអាច នឹងមានខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ។ សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៥ ២៥។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកនេសាទ សូមយកចិត្តទុកដាក់បង្ការនិងប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ៕

