ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា សូមកុំមើលស្រាលលើលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ធ្វើឲ្យយើងងាយភ្លេចវីរុសកូវីដ-១៩ ដែលងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពឲ្យវីរុសកូវីដ-១៩សប្បាយរីករាយក្នុងការវ៉ៃឡុក សរីរាង្គយើងដោយងាយស្រួល និងដោយមិនដឹងខ្លួនបានគ្រប់ពេលវេលា។
លោកស្រី ឱ វណ្ណឌីន បានរលឹកថា ដូច្នេះសូមលោកអ្នក មេត្តាកុំភ្លេចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ត្រូវអនុវត្តន៍វិធានការ” ៣ការពារ និង ៣កុំ “ឲ្យបានគ្រប់ៗគ្នា។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តនូវវិធានការ ៣ការពារ៖ “ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ។វិធានការ ៣កុំ ៖ “កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន និងកុំប៉ះពាល់គ្នា ដូចជាពេលជួបគ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកកគ្នា” ជាដើម។
លោកស្រីបន្តថា ការធ្វេសប្រហែសរបស់បុគ្គលនិងអាចនាំមកនូវការចម្លងវីរុសកូវីដ១៩ក្នុងគ្រួសារនិងក្នុងសហគមន៍ដោយមិនដឹងខ្លួន។ ដូច្នេះការខិតខំអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួនសម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាភារកិច្ចរបស់បុគ្គលម្នាក់។ យើងមិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស នៃវីរុសកូវីដ-១៩ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡើយ ដែលអាចកើតមានឡើងគ្រប់កាល:ទេស: គ្រប់ពេលវេលា និងគ្រប់ទីកន្លែង លើបុគ្គលដែលមិនបានការពារខ្លួនត្រឹមត្រូវតាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល៕


