ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ក្រោយពីជួបហេតុការណ៍ គ្រោះថ្នាក់ រវាងម៉ូតូ២គ្រឿង បុកគ្នា ក្នុងទិសដៅ បញ្ច្រាស់ យ៉ាងពេញទំហឹង ចំណែកឪពុកម្តាយ បានត្រឹមឈរ យំ មើលសពកូន។ ករណីគ្រោះថ្នាក់នេះ កើតឡើងកាលពី ម៉ោងជិត១១យប់ថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២០ នៅចំណុចក្បែរអធិការខណ្ឌទួលគោក តាមបណ្ដោយផ្លូវ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ផេង ធារដ្ឋា អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧អា ផ្លូវ២៧២ ភូមិ៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ យុវជនរងគ្រោះ ជិះម៉ូតូ pcx ពណ៌ស ចូលទៅទិញសាច់ក្លែម នៅហាង១០៣ ក្បែរកន្លែងកើតហេតុ លុះទិញរួចរាល់ ក៏បានបើកម៉ូតូចេញមកវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ២៦១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងទៀត ជិះដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីជើងទៅត្បូងក្នុងល្បឿនលឿន បានជ្រុលទៅបុកជាមួយម៉ូតូ pcx ពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូ pcx ស្លាប់ ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកភាគី ម្ខាងទៀត រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕


