ភ្នំពេញ ៖ ដោយមានបទបញ្ជាណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងសុខាភិបាល សម្រេចអនុញ្ញាត ឲ្យគ្រប់ភោជនីយដ្ឋាន និងហាងលក់ទំនិញដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» បើកដំណើរការឡើងវិញ ដូចធម្មតា ចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែត្រូវនៅបន្តអនុវត្តតាមវិធានអនាម័យកូវីដរបស់ក្រសួង។ នេះបើតាមការថ្លែងប្រាប់ របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។
សូមជម្រាបថា បន្ទាប់ពីផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍លើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់ និងចាំបាច់មួយចំនួនភ្លាមៗ ដោយមានការបិទភោជនីយដ្ឋាន និងហាងទំនិញដែលឆ្លងជំងឺ បានចូលទៅពិសាអាហារ និងទិញទំនិញនៅទីនោះ។
មនុស្សខ្ទង់ម៉ឺននាក់ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ត្រូវបានធ្វើតេស្តរកវីរុសកូវីដ១៩ ក្នុងនោះរកឃើញវិជ្ជមានចំនួន ៤១នាក់។ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងចំណោមអ្នកជំងឺទាំង៤១នាក់ មានចំនួន៣៧នាក់បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ៤នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ៕


