ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់ខ្លួនស្ដ្រីម្នាក់ ជាតំណាងលក់ផលិតផលប្រេនថ្មី CTM (គ្រឿងសំអាង) ដែលជាប់ពាក់ព័ន្ធករណីស៊ីដាច់ប្រាក់ជិតមួយលានដុល្លារ កាលពីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងផ្សារបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ហេតុការណ៍ ឃាត់ខ្លួន ខាងលើនេះយោងតាមដីការ បញ្ជាឲ្យចូលខ្លួន របស់លោក គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ តាមពាក្យបណ្ដឹងបទ ឆបោក ដោយតម្រូវឲ្យចូលខ្លួន នៅ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែមិនបានចូលខ្លួនទេ ហើយដីការនេះ បានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាក់ស្ដែងបើនៅតែរឹងរូសមិន ចូលខ្លួន។
ស្ដ្រីរូបនេះឈ្មោះ ណើ ចាន់ត្រា ជាតំណាងលក់ផលិតផលប្រេនថ្មី CTM (គ្រឿងសំអាង) ត្រូវកូនក្រុមចំនួន១២នាក់ ដាក់ពាក្យបណ្តឹងចោទប្រកាន់ថា បានប្រមូលលុយជិត១លានដុល្លារ ហើយមិនប្រគល់ផលិតផលឲ្យកូនក្រុមតំណាងចែកចាយ និងមិនទូទាត់លុយឲ្យម្ចាស់ប្រេនដើម។ ជាងនេះទៀត បានយកឈ្មោះអ្នកស្រី ទ្រី ដាណា ទៅឆបោកលុយតំណាងរបស់ខ្លួន យកលុយទៅទិញផ្ទះ និងសម្ភារៈទៅវិញ។
ស្ត្រីរូបនេះ ត្រូវកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


