ភ្នំពេញ ៖ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាល ឆ្នាំ២០២០-២០២១។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ មានប្រសាសន៍ផ្សាយផ្ទាល់ពិសេស នាព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ថា សម្ដេចបានឯកភាពជាមួយរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ឱ្យកំណត់បើកបវេសនកាលថ្មី តែត្រូវរៀបចំឡើងតាមកន្លងថ្មី នៃវិស័យអប់រំ ដោយធ្វើយ៉ាងណាមិនឱ្យមានជំងឺឆ្លង។
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន បើកដំណើរការឡើងវិញ នៅចាប់ពីថ្ងៃនេះតទៅ ខណៈការបើកបវេសនាកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ នឹង កំណត់យកចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១៕



