ខេត្តកណ្ដាល ៖ ខឹងជេរ និងហាមប្តី មិនអោយផឹកស៊ីជាមួយខ្លួន ឡើងទៅកាប់ មនុស្សស្រី៣នាក់ រងរបួសធ្ងន់ស្ទើរស្លាប់ ស្ទើររស់ កាលពីព្រលប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះ ៣ នាក់ ៖ ១. ឈ្មោះ សុខ ចាន់ឌី ភេទស្រី អាយុ៣២ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី)។ ២. ឈ្មោះ រស្មី ស្រីយ៉ា ភេទស្រី អាយុ១៣ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ គន្ធបុប្ផា) និង ឈ្មោះ រស្មី សូជីញ ភេទស្រី អាយុ៨ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។ ចំណែក ឈ្មោះ ផាន ភក្តី (ប្ដីជនរងគ្រោះ) អាយុ៣៨ឆ្នាំ។
រីឯជនសង្ស័យ ឈ្មោះ ចន សុវណ្ណចាន់តុកុល អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការ ស្ថិតនៅ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (គេចខ្លួន)។
សមត្ថកិច្ចកៀនស្វាយ អោយដឹងថា មុនពេលកើតហេតុជនសង្ស័យ បានផឹកស៊ីជាមួយប្ដីជនរងគ្រោះ ពេលផឹកអស់ស្រា និងសាច់ក្លែម ប្តីជនរងគ្រោះ បានជិះម៉ូតូទៅទិញស្រា និងសាច់ក្លែម លុះពេល ត្រឡប់មកវិញ ស្រាប់តែឃើញប្រពន្ធកូនរបស់ខ្លួន មានរងរបួសស្នាមពេញខ្លួន។
សូមបញ្ជាក់ ខណៈពេលជនសង្ស័យ កំពុងផឹកជាមួយប្ដីជនរងគ្រោះ នៅក្រោមផ្ទះ ជនរងគ្រោះបានរអ៊ូរទាំ ជេរប្ដី មិនឲ្យផឹកស្រាជាមួយជនសង្ស័យ នៅផ្ទះរបស់ខ្លួននោះទេ ស្របពេលប្ដីជនរងគ្រោះ ទៅទិញស្រា បៀរ និងសាច់ក្លែម ជនសង្ស័យមានឱកាស ឡើងទៅកាប់ ជនរងគ្រោះនិងកូន បណ្តាលអោយរងរបួសធ្ងន់៣នាក់តែម្តង។ ក្រោយពីធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់៕


