ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា អភិបាល នៃគណៈ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាល ទាំង ១៤ ក្នុងកម្មវត្ថុ ស្តីពីការពង្រឹងការអនុវត្ត វិធានការការពារការចម្លង ជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ ដោយរៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបម្រើសេវាកម្ម ក្នុងពិធី ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល ឲ្យបានយ៉ាងតិច ១,៥ ម៉ែត្រ ឡើងទៅ ពីបុគ្គលម្នាក់ ទៅបុគ្គល ម្នាក់ និងរៀបតុអាហារ ដោយកំណត់ចំនួនភ្ញៀវ អង្គុយត្រឹម ៥ នាក់ ( ប្រាំ ) ក្នុង ១ តុ ដែលទម្លាប់ពីមុន អង្គុយ ១០ នាក់ ។
ក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សង្កេតឃើញថា ការអនុវត្តតាម វិធានការការពារ ដែលបានដាក់ចេញ ដោយក្រសួង សុខាភិបាល និងគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ នៅតាមពិធីបុណ្យ កម្មវិធីផ្សេងៗ និងក្នុងពិធីអាពាហ៍ពិពាហ៍ នៅមានកម្រិតនៅឡើយ ដែលនេះជាហានិភ័យ ដ៏ធំធេង អាចបង្កឱ្យមាន ការចម្លងវីរុសកូវីដ-១៩ ជាថ្មីឡើងវិញ។ ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំលោក លោកស្រី អភិបាល នៃគណៈអភិបាល ខណ្ឌ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌ យកចិត្តទុកដាក់ខ្ពស់ ក្នុងការចាត់វិធានការ តាមដាន ការអនុវត្តវិធានការសុខាភិបាល ដោយត្រូវ ៖
១- ណែនាំឱ្យម្ចាស់មជ្ឈមណ្ឌល អគារ ភោជនីយដ្ឋាន ទីតាំង សម្រាប់ជួលរៀបចំ កម្មវិធីទាំងអស់ និងម្ចាស់អាជីវកម្ម ចុងភៅ ដូចខាងក្រោមៈ
. ឱ្យម្ចាស់រៀបចំកម្មវិធីទាំងអស់ ចូលរួមអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ។
. រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបំរើសេវាកម្ម ក្នុងពិធីដោយរក្សាគម្លាត សុវត្ថិភាព បុគ្គលឲ្យបាន យ៉ាងតិច ១,៥ ម៉ែត្រ ឡើងទៅ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ។ រៀបតុអាហារ ដោយកំណត់ ចំនួនភ្ញៀវអង្គុយ ត្រឹម ៥ នាក់ ( ប្រាំ ) ក្នុង១តុ ដែលទម្លាប់ពីមុន អង្គុយ ១០ នាក់ ។
. ធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរ ដោយលើកដៃសំពះចៀសវាង ការចាប់ដៃ និងឱបគ្នាជាដើម។
. ដាក់បង្ហាញនូវស្លាកសញ្ញាណែនាំ ការពាក់ម៉ាស់ និងរក្សាអនាម័យ ដៃស្អាត និងណែនាំ អនាម័យ ពេលក្អក – កណ្តាស់នៅគ្រប់ ច្រកចូល និងទីតាំង ដែលអាចមើលឃើញ ទាំងអស់គ្នា។ ក្នុងករណីដែលម្ចាស់គ្រប់គ្រង ទីតាំងអាជីវកម្ម បុគ្គលិក និងអ្នករៀបចំកម្មវិធី មិនអនុវត្ត តាមការណែនាំ របស់ ក្រសួងសុខាភិបាលទេនោះ ត្រូវបិទអាជីវកម្ម ជាបណ្តោះអាសន្ន រួចរាយការណ៍ មករដ្ឋបាលរាជធានីភ្នំពេញ។
២- ណែនាំឱ្យម្ចាស់កម្មវិធី និងភ្ញៀវចូលរួម អនុវត្តវិធានការសុខាភិបាល ដូចជាបំពាក់ម៉ាស៊ីន វាស់កម្តៅ ស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រ វាស់កម្តៅ ដោយដៃ ដាក់អាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រកចូល និងដាក់អាល់កុល ឬជែលលាងដៃ នៅក្នុងទីតាំង ប្រតិបត្តិការរបស់ខ្លួន និងតម្រូវឱ្យលាងដៃ ជាញឹកញាប់ ជាពិសេស បន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗក្រោយ ពេលចូល ។ល។ បន្ទប់ទឹក និងមុនពេលបរិភោគអាហារ ។
៣- ត្រូវចុះត្រួតពិនិត្យ និងតាមដាន នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរ នានា ឱ្យអនុវត្តវិធានការបង្ការ និង ទប់ស្កាត់ ការរីករាលដាល មេរោគកូវីដ-១៩តាមការ ណែនាំរបស់ ក្រសួងសុខាភិបាល ។ ក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្ម ខាងលើ មិនអនុវត្តតាមការណែនាំទេនោះ ត្រូវចាត់វិធានការរដ្ឋបាល ឬបិទអាជីវកម្ម ជាបណ្តោះ អាសន្ន រួចរាយការណ៍ មករដ្ឋបាលរាជធានីភ្នំពេញ។
៤- រដ្ឋបាលខណ្ឌ ទាំង ១៤ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្រោមឱវាទ រដ្ឋបាលរាជ ធានីភ្នំពេញ ត្រូវបន្តអនុវត្តឲ្យបាន ម៉ឺងម៉ាត់នូវសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានណែនាំ កន្លងមក៕


