ភ្នំពេញ ៖ ក្រោយបេសកកម្មក្រុមជម្រើសជាតិបានបញ្ចប់កីឡាករគ្រប់រូបវិលត្រឡប់មកត្រៀមចូលរួមជាមួយក្លឹបរៀងៗខ្លួន ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា នឹងត្រលប់មកវិញចុងសប្ដាហ៍នេះហើយ។
នេះជាអ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំរយៈពេលកន្លងមក យោងតាមកាលវិភាគដែលចេញដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សប្តាហ៍ទី៦ នៃលីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនៅថ្ងៃទី០៣ និងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ តែក៏អាចមានកែប្រែខ្លះ ដោយសារតែបច្ចុប្បន្ននេះមានក្លិបមួយចំនួនតូចមានជាប់ពាក់ព័ន្ធនឹងករណីសង្ស័យជំងឺកូវីដ-១៩តាំងពីកំឡុងពេលនៃការប្រកួតពានរង្វាន់លីគខាប់។
ដោយឡែកសម្រាប់ការប្រកួតដែលគួរឲ្យចាប់អារម្មណ៍នៅសប្ដាហ៍នេះ គឺក្រុមដែលកំពុងឈរនៅលេខ៣ក្នុងតារាងក្របខណ្ឌលីគកំពូលកម្ពុជាព្រះខ័នរាជស្វាយរៀងត្រូវទទួលជួបប្រកួតជាមួយក្រុមលេខ១មិនទាន់ស្គាល់ពាក្យថាចាញ់តាំងពីបើករដូវកាល អង្គរថាយហ្គឺរ រីឯគូពិសេសមួយគូទៀតរវៀងក្រុមបាល់ទាត់ វិសាខា ត្រូវប៉ះជាមួយ ក្រុមបាល់ទាត់ណាហ្គាវើលដ៍។
នៅមានគូពិសេសៗជាច្រើនទៀតដូចជា ព្រៃវែងជួបជាមួយបឹងកេត, សូលទីឡូអង្គរ ប៉ះជាមួយនគរបាលជាតិ និង អគ្គីសនីកម្ពុជា ជួបជាមួយ អាស៊ីអឺរ៉ុបយូណាយធីត។
គួររំលឹកថាការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២១ (Metfone Cambodian League) បានសម្រាកត្រឹមសប្តាហ៍ទី៥ កីឡាករមកពីតាមបណ្តាក្លឹបមួយចំនួនបានទទួលភារកិច្ចទៅចូលរួមបេសកកម្មរបស់ក្រុមជម្រើសជាតិកម្ពុជា ហើយក៏បានបញ្ចប់ការប្រកួតក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី (2022 FIFA World Cup qualification-AFC) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី (2023 AFC Asian Cup qualification) រួចរាល់ជាស្ថាពរពេញមួយខែមិថុនា៕


