ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជានៅចុងសប្តាហ៍នេះឈានចូលដល់សប្តាហ៍ទី១០ នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដាខាងមុខក្រុមបាល់ទាត់ពោរពេញទៅដោយយុវវជនកម្ពុជាគ្មានកីឡាករបរទេសអគ្គីសនីកម្ពុជា និងត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវខេត្តេព្រៃវែងដែលជាក្រុមសម្បូរទៅដោយយុវវជនកំពុងពេញសមត្ថភាព។
មុននឹងឈានចូលដល់ការប្រកួតអ្នកចាំទីរបស់ក្រុមបាល់ទាត់អគ្គីសនីកម្ពុជាក៏បានឱ្យដឹងថា “ ក្រុមបាល់ទាត់ខេត្តព្រៃវែងជាក្រុមទើបតែឡើងមកលីគកំពូលក៏ពិតមែន ប៉ុន្តែតាមរយះការសង្កេតមើលកន្លងមកក្រុមមួយនេះបានរៀបចំខ្លួនបានយ៉ាងល្អជាពិសេសនៅពេលដែលប្រកួតប៉ះជាមួយក្រុមខ្លាំង ។”
អ្នកចាំទីរូបនេះបន្ថែមថា”យ៉ាងណាមិញអគ្គីសនីក៏បានត្រៀមខ្លួនរួចជាស្រេចដូចគ្នា រូបខ្ញុំផ្ទាល់ក៏កំពុងប្រឹងប្រែងហ្វឹកហាត់ កែប្រែបន្ថែមនូវចំណុចខ្វះខាត ហើយជឿថាសប្តាហ៍នេះក្រុមអគ្គីសនីកម្ពុជានឹងទទួលបានលទ្ធផលល្អពេលប៉ះជាមួយនឹងក្រុមបាល់ទាត់ខេត្តព្រៃវែង ។”
កីឡាករឈិន ឆៃនុតចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ដំបូងនៅឆ្នាំ២០១២ជាមួយនឹងក្លឹបបាល់ទាត់ក្រសួងការពារជាតិ ក្រោយមកបានក្លាយជាកីឡាករក្រុមយុវវជនរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅឆ្នាំ២០១៥ រហូតដល់បាលចូលហ្វឹកហាត់ឈុតធំរបស់ក្លឹបនៅពាក់កណ្តាលឆ្នាំនេះដូចគ្នា។
រហូតចុងឆ្នំា២០១៧ក៏ទៅចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន បន្ទាប់មកអ្នកចាំទី ឈិន ឆៃនុត ត្រូវបានក្លឹបបាល់ទាត់ភ្នំពេញក្រោន ដាក់ខ្ចីជើងទៅកាន់ សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ កាលពីរដូវកាល ២០២០ បានសម្រេចបន្តផ្លាស់ប្តូរក្រុមដោយទៅចូលរួមជាមួយ គិរីវង់សុខសែនជ័យ នាទីផ្សារដោះដូរកីឡាករលើកទី ២ ហើយនៅចុងឆ្នាំ២០២០កីឡាកររូបនេះសម្រេចចិត្តមកចូលរួមជាមួយក្រុមអគ្គីសនីកម្ពុជារហូតដល់បច្ចុប្បន្ន។
សូមជម្រាបថាគិតត្រឹមសប្តាហ៍ទី៩ ក្រុមបាល់ទាត់អគ្គីសនីកម្ពុជាប្រកួតបានចំនួន៨ប្រកួត ឈ្នះ២ ចាញ់ចំនួន៦លើក មាន៦ពិន្ទុនៅក្នុងដៃ៕


