ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ថ្ងៃទី៩ខែសីហាឆ្នាំ ២០២១ បានផ្តល់កិត្តិយសទាត់បាល់បើកការប្រកួតកីឡាបាល់ទាត់ រវាងក្រុម S-Pulse និង Yokohama នៃលីគកំពូលជប៉ុន (Japan League) នៅប្រទេសជប៉ុន ដែលរៀបចំឡើងដោយប្រសិទ្ធិនាមការប្រកួតថាជា«ទិវាកម្ពុជា» (Cambodia Day)។
ព្រឹត្តិការណ៍នេះ គឺជាថ្ងៃដ៏វិសេស វិសាល នៃការអនុវត្ត នយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជាជាអ្នកឧបត្ថម្ភការប្រកួត និងមានការចូលរួមពីឯកឧត្ដម IMAMURA Masahiro សមាជិកសភា និងជាប្រធានសមាគមន៍សភាជប៉ុន-កម្ពុជា និងក្រុមការងារស្ថានទូតកម្ពុជា ក្នុងពិធីនេះដែរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា ទីលានបាល់ទាត់នៅខេត្ត Shizuoka ប្រទេសជប៉ុន ដែលជាកន្លែងប្រកួតលីគកំពូលជប៉ុន (Japan League)បានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា«កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» (Cambodia: Kingdom of Wonder)។ ការផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទាញប្រជាជនជប៉ុនជាមិត្តឲ្យចាប់អារម្មណ៍ និងស្គាល់កម្ពុជាកាន់តែច្រើនឡើង ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍របស់កម្ពុជាបន្ថែមទៀត៕


