កូរ៉េខាងជើងព្រមាន អាមេរិក និងកូរ៉េខាងត្បូង ថានឹងមានបញ្ហារជុំវិញការបន្តធ្វើសមយុទ្ធយោធារបស់ភាគីទាំងពីរ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនឹងប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងពីសំណាក់ កូរ៉េខាងជើង ជុំវិញ ការបន្តធ្វើសមយុទ្ធយោធារួមគ្នាដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍នេះ នេះជាការលើកឡើងរបស់អ្នកនាង គីម យ៉ូចុង ដែលត្រូវជាប្អូនស្រីបង្កើតនៃមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២១។

បើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍នៅថ្ងៃច័ន្ទនេះថាប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាបឋមនៅថ្ងៃអង្គារនេះបើទោះបីជាកូរ៉េខាងជើងបានព្រមានថាសមយុទ្ធនេះនឹងបំផ្លាញដល់ដំណើរការស្តារឡើងវិញ នៃទំនាក់ទំនងអន្តរកូរ៉េយ៉ាងណាក៏ដោយ។

ប្អូនស្រីលោក គីម ជុងអ៊ុន រូបនេះក៏បានចោទប្រកាន់កូរ៉េខាងត្បូងផងដែរថា កំពុងប្រព្រឹត្តទង្វើក្បត់ តាមរយៈការសម្រេចចិត្តបន្តធ្វើសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិក តែមួយរយៈពេលខ្លីប៉ុណ្ណោះក្រោយប្រទេសកូរ៉េទាំងពីរ បានសម្រេចតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ ឡើងវិញ ដោយស្ថិតក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹងនោះ។

ប្រតិកម្មរបស់កូរ៉េខាងជើងចំពោះការធ្វើសមយុទ្ធនេះគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងមូនចេអ៊ីនដើម្បីបើកការិយាល័យទំនាក់ទំនងរួមគ្នាឡើងវិញដែល ទីក្រុងព្យុងយ៉ាងបានធ្វើឡើងកាលពីឆ្នាំមុន និងរៀបចំកិច្ចប្រជុំកំពូលមួយដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងឡើងវិញ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង តែងតែធ្វើសមយុទ្ធយោធារវាងគ្នាជាប្រចាំ ខណៈសហរដ្ឋអាមេរិកមានកងទ័ពប្រហែល ២៨.៥០០ នាក់នៅកូរ៉េខាងត្បូងដែលមានតាំងពីនៃសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ មកម្លេះ ហើយជាទម្លាប់របស់កូរ៉េខាងជើង ប្រទេសនេះតែធ្វើតេស្តសាកល្បងអាវុធ ឬសមយុទ្ធយោធាតបតវិញ នៅពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំម្តងៗ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២