ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹកបានបើកកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៃ គណៈកម្មាធិការជាតិ CAMSOC តាមរយៈប្រព័ន្ធ Zoom ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន អចិន្រៃ្តយ៍គណកម្មាធិការជាតិ CAMSOC ដោយមានការចូលរួមពី គណៈកម្មការ ជំនាញ CAMSOC និងសហព័ន្ធជាតិនានា។ ដោយក្នុងនោះកិច្ចប្រជុំផ្តោតទៅលើការរៀបចំរបៀបរបបការងារដើម្បីអនុវត្តទិសដៅការងារឆមាសទី២ ដែលសម្រេចដោយសន្និបាតរបស់ CAMSOC ឲ្យមានប្រសិទ្ធភាព ដែលមានខ្លឹមសារសំខាន់ៗមួយចំនួនដូចជាៈ ត្រៀមបើកជំរុំហ្វឹកហាត់បិទខ្ទប់ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ តទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ សហព័ន្ធនីមួយៗ ត្រូវ ត្រៀមលក្ខណៈឲ្យបានរួចរាល់ ដើម្បីចាប់ផ្តើមប្រមូលផ្តុំ កីឡាករ របស់ខ្លួនចូលជំរុំហ្វឹកហាត់ រីឯសហព័ន្ធដែលមានទីលានផ្ទាល់ខ្លួន ក៏ត្រូវចាប់ផ្តើមដំណើរគ្នា និងជាបន្តបន្ទាប់ផងដែរ។
គណៈកម្មការអូឡាំពិកវៀតណាម នឹងប្រកាសអំពីកាលបរិច្ឆេទរៀបចំ SEA Games 2022 ជាផ្លូវការ នៅខែតុលាខាងមុខនេះ ដែលការគ្រោងនឹង រៀបចំនៅចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២២។ ដូច្នេះ សហព័ន្ធកីឡាជាតិ ទាំងអស់ត្រូវត្រៀមលក្ខណៈគោលដៅ២ ទី១ គឺការប្រកួតស៊ីហ្គេម ២០២២ និងការប្រកួតកីឡាអាស៊ី នៅហានចូវ ប្រទេសចិន ដែលគ្រោងធ្វើនៅខែសីហា ឆ្នាំ២០២២។
គណៈកម្មការជំនាញ CAMSOC ទាំងអស់ ត្រូវពិនិត្យឲ្យបានម៉ត់ចត់ពីទំហំការងារ តួនាទី និងភារកិច្ចរបស់ខ្លួន និងគ្រោងការចំណាយ ដោយរៀបចំជាពីរទម្រង់ ទី១ គឺគម្រោងចំណាយដែលប៉ានប្រមាណតម្លៃបាន និងគម្រោងមុខចំណាយដែល មិនទាន់អាចប៉ាន់ប្រមាណតម្លៃបាន ឲ្យបានយ៉ាងយូរត្រឹមដំណាច់ខែកញ្ញា ឆ្នាំ ២០២២ និងផ្តល់មកខាងលេខាធិការដ្ឋាន ដើម្បីធ្វើការជាមួយនឹងគណៈកម្មការ ហិរញ្ញវត្ថុ និងផ្គត់ផ្គង់។
នៅថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២១ នឹងមានរៀបចំកម្មវិធីរាប់ថយក្រោយ ៥០០ថ្ងៃ ដែលនេះជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយ SEA Games ហើយយើងនឹង បន្តផ្សព្វផ្សាយ ទូទាំងប្រទេស និងទៅអន្តរជាតិតាមរយៈការទូត។
ការរៀបចំទីលាន ត្រូវធ្វើឲ្យបានចប់សព្វគ្រប់តាមស្តង់ដារកីឡា ដោយតាមផែនការរបស់ CAMSOC គឺសហព័ន្ធកីឡាអន្តរជាតិ តាមប្រភេទកីឡានីមួយៗ នឹងមកកម្ពុជាដើម្បីត្រួតពិនិត្យស្តង់ដារទីលាន និង ធ្វើការជាមួយគណៈកម្មការទីលានរបស់ CAMSOC ដើម្បីបំពេញបន្ថែមលើចំណុច ខ្វះខាត។
នៅដើមឆ្នាំ ២០២២ នឹងមានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ រយៈពេល២ ឬ៣ ថ្ងៃ ដែលពេលនោះ គណៈកម្មាធិការជាតិ CAMSOC ត្រូវធ្វើបទបង្ហាញឲ្យក្រុមប្រឹក្សាភិបាលអាស៊ីអាគ្នេយ៍ បានជ្រួតជ្រាប អំពីការគ្រប់គ្រងដឹកនាំព្រឹត្តិការណ៍របស់យើង។ គណៈកម្មការជំនាញនីមួយៗ ត្រូវត្រៀមរៀបចំ Slide ដើម្បីឡើងធ្វើបទបង្ហាញអំពី តួនាទី និងភារកិច្ចខ្លួនផងដែរ៕


