តោះ ! ទៅចុះឈ្មោះរត់ម៉ារ៉ាតុង នៅខេត្តសៀមរាបឱ្យសប្បាយម្តង

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសជូនដំណឹងជាសាធារណៈ ស្តីពីការរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅតំបន់អង្គរខេត្តសៀបរាប ដែលគ្រោងនឹងប្រព្រឹត្តិទៅ នាថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយកំណត់ចំនួនអ្នកចួលរួមត្រឹម២៥០០នាក់ ព្រមទាំងកំណត់ជាគោលការណ៍នូវលក្ខខណ្ឌវិធានសុវត្ថិភាពផងដែរ។

បើតាសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានឱ្យដឹងថា ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលកំពុងបើកសេដ្ឋកិច្ចសង្គមជាបណ្តើរជាមួយនឹងការប្រកាសជាផ្លូវការទទួលទេសចរវ៉ាក់សាំងនោះ ទើប NOCC កំពុងត្រៀមបើកទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ អង្គរ-សៀមរាបឡើងវិញ នាខែធ្នូ ឆ្នាំ២០២១នេះ។

ចំពោះលក្ខខណ្ឌសុវត្ថិភាពបានកំណត់នូវការកាត់បន្ថយកម្មវិធីជប់លៀង កម្មវិធីប្រជុំ ជួបជុំគ្នា និងកម្មវិធីមិនចាំបាច់មួយចំនួន។ អ្នកចូលរួមរត់ប្រណាំងត្រូវបានកំណត់យកតែប្រជាពលរដ្ឋកម្ពុជា និងជនបរទេស ដែលស្នាក់នៅកម្ពុជាប្រមាណ ២៥០០នាក់ប៉ុណ្ណោះ។ អត្តពលិករត់ប្រណាំងត្រូវបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់។ រៀបចំធ្វើតេស្តរហ័ស មុនចូលទីលានរត់ប្រណាំង។ រក្សាគម្លាត ១,៥ម៉ែត្រ ពីគ្នា  ដោយតម្រៀបគ្នាជាជួរវែង តែរត់តាមក្រុមចម្ងាយផ្លូវ ដែលបានកំណត់។ មុនចេញដំណើរត្រូវពាក់ម៉ាសរហូតដល់រយៈចម្ងាយ ២០០ម៉ែត្រ ទើបអនុញ្ញាតឲ្យដោះម៉ាសចេញ។ ការថែទាំងសុខភាព និងប្រព័ន្ធរក្សាសុវត្ថិភាព ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងតឹងរឹងបំផុតផងដែរ។

NOCC ទើបទទួលបានការឯកភាពជាគោលការណ៍ពីគណៈប្រចាំការនៃគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) និងកំពុងរង់ចាំការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជាឆាប់ៗនេះ។ ទិវារត់ប្រណាំងនេះ គឺជាបុរេលក្ខខណ្ឌសម្រាប់បើកទេសចរណ៍ នៅខេត្តសៀមរាបឡើងវិញផងដែរ។ NOCC ស្នើឲ្យប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនីបន្តជួយគាំទ្រព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។

ជាមួយគ្នានោះ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិនៅតំបន់អង្គរ ក៏បានបញ្ជាក់ដែរថា ក្រោមការអនុញ្ញាតពី NOCC ទិវារត់ប្រណាំងអន្តរជាតិលើកទី២៦ ប្រចាំឆ្នាំ២០២១នេះត្រូវបានកំណត់ចំនួនកីឡាករ កីឡាការិនីឲ្យចូលរួមត្រឹម ២៥០០នាក់ ដើម្បីងាយស្រួលរៀបចំ និងរយៈពេលសល់ខ្លីឆាប់ៗខាងមុខនេះ ក៏ដូចជាអនុវត្តឲ្យបាននូវវិធានសុខាភិបាល ដូច្នេះហើយចំនួននេះ ផ្តល់អាទិភាពដល់កីឡាករ កីឡាការិនី ដែលបានចុះឈ្មោះ កាលពីឆ្នាំ២០២០ មកចុះឈ្មោះចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្រាប់អ្នកចុះឈ្មោះថ្មីអាចចុះឈ្មោះ ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី១ធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ ៧៩CEo ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ភ្នំពេញ៕

CR: CAMSOC

        
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២