អបអរសាទរ! វិសាខា ការពារជើងឯក ពានសម្ដេចតេជោ បានសម្រេច ក្រោយ ឈ្នះ ព្រះ ខ័ន រាជ ស្វាយ រៀង ដោយ បាល់ ប៉េ ណាល់ ទី ៥-៤

ភ្នំពេញ៖ ក្លឹបបាល់ទាត់វិសាខា បាន បន្ដ គ្រង ជើង ឯក ពាន រង្វាន់ សម្ដេច តេជោ ហ៊ុន សែន-ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ ជា លើកទី២ ជាប់ គ្នា ក្នុង ប្រវត្តិ សាស្ដ្រ របស់ ក្លឹប ក្រោយ យក ឈ្នះ ព្រះ ខ័ន រាជ ស្វាយ រៀង ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ ពី ប្រកួត ១២០នាទីស្មើគ្នា ២-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Smart RSN នៅព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

ក្នុងជំនួបដ៏ស្វិតស្វាញ រយៈពេល ៩០នាទី ក្រុមទាំងពីរ បាន រក្សា លទ្ធផល ស្មើគ្នា ១-១ មុនរកបាន ១គ្រាប់ម្នាក់ ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង។ ២គ្រាប់របស់អតីតក្រុមជើងឯក ៤សម័យព្រះខ័នរាជស្វាយរៀង សុទ្ធ តែ ជាគ្រាប់បាល់នាំមុខគូប្រជែង ដែលរកបានដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទី៥៣ និងសិស្សប្អូន ជូ ស៊ិនទិ នៅនាទី១០០។ រីឯគ្រាប់តាមស្មើរបស់វិសាខា សម្រេចដោយកីឡាករ វុធ តុលា នៅនាទី៧១ និងកីឡាករ អ៊ុក សុវណ្ណ នៅនាទី១០៦។

ឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ក្រុមវិសាខា បាន ធ្វើ សម្រេច ៥គ្រាប់ជាប់គ្នា ដោយកីឡាករ ទិត ឌីណា, អ៊ិន វិច្ឆ័យ, ស៊ិន សុផាណាត់, អ៊ិន សូដាវីដ និង អ៊ុក សុវណ្ណ ខណៈព្រះខ័នរាជស្វាយរៀង ធ្វើ សម្រេច តែ ៤គ្រាប់ប៉ុណ្ណោះ ។បន្ទាប់ពីកីឡាករ សួន សុវណ្ណ ទាត់ បាល់ទី៤ ពុំបានសម្រេចលើរបាទី។ ដែលជាមូលហេតុនាំឲ្យក្រុមវិសាខា បន្ដ គ្រង តំណែងជើងឯកថ្មី គ្រាដែលព្រះខ័នរាជស្វាយរៀង បានទទួលត្រឹមជើងឯករងជាលើកទី៤ ក្នុងប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រចំនួន ៨លើក ដែលធ្លាប់ឈ្នះពាន ៤លើក។

ពិធីបិទការប្រកួតពានរង្វាន់ថ្នាក់ជាតិលំដាប់ទី២នេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៥ម៉ឺនដុល្លារ ឧបត្ថម្ភដល់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)ផងដែរ។

ចំពោះប្រាក់រង្វាន់សម្រាប់ក្រុមជ័យលាភីវិញ រួមមានក្រុមជើងឯកវិសាខា ទទួលបានពាន អមជាមួយប្រាក់រង្វាន់ ១០០លានរៀល, ក្រុមជើងឯករងព្រះខ័នរាជស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៦០លានរៀល, ក្រុមចំណាត់ថ្នាក់លេខ៣ បឹងកេត ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២-០ គឺទទួលបានប្រាក់រង្វាន់ ៣០លានរៀល។ រីឯភ្នំពេញក្រោន ទទួលបានត្រឹមពានរង្វាន់ Fair-Play ទទួលបានប្រាក់រង្វាន់ ៣លានរៀល។ រីឯពានរង្វាន់ឯកត្ដជនចំនួន ៤ សុទ្ធតែបានទៅសមាជិកក្រុមជើងឯកវិសាខា រួមមានកីឡាករ អ៊ុក សុវណ្ណ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ កែវ សុខផេង (រកបាន ៧គ្រាប់), អ្នកចាំទីល្អ កែវ សុខសិលា និងគ្រូបង្វឹកលោក Akeeb Tunji Ayiyonka ដែលទទួលបានប្រាក់រង្វាន់ ៣លានរៀលស្មើៗគ្នា៕
CAMSOC

  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២