មានសង្ឃឹមហើយ ក្លឹបប្រដាល់គុនខ្មែរ ថ្មគោលពោធិ៍សែនជ័យ និងនិរោធន៍មានជ័យ ព្រោះមានឧកញ៉ាសម្បូរប្រាក់ម្នាក់ចាំជួយពីក្រោយ

(ភ្នំពេញ) ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ឪកញ៉ា អ៊ាន សៀវម៉ី និង ស្វាមី បានចុះជួបសំណេះសំណាល និង ពិនិត្យមើលស្ថានភាពក្លឹបប្រដាល់ថ្មគោលពោធិ៍សែនជ័យ និងនិរោធមានជ័យ ព្រមទាំងមានការចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ឧត្តមសេនីឯក តែម ម៉ឺន ប្រធានសហពន្ធ័កីឡាប្រដាល់គុនខ្មែរផងដែរ។

ម្ចាស់ក្លឹបប្រដាល់គុនខ្មែរ ថ្មគោលពោធិ៍សែនជ័យ និងនិរោធន៍មានជ័យ ដែលមានកញ្ញា លក្ខណា ជាអ្នកគ្រប់គ្រងតពីឪពុក ពេលនេះមានសង្ឃឹមហើយ ក្រោយពីលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី និងស្វាម៉ី ដែលគេស្គាល់ថា ជាអ្នកជំនួញអនឡាញដ៏ល្បីឈ្មោះមួយរូបបានសន្យាជួយឧបត្ថម្ភ គាំទ្រ ក្រោយពីបានមើលឃើញពីទុកលំបាករបស់ក្លឹបនេះ។

លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានឱ្យដឹងនៅក្នុងពិធីសំណេះសំណាលនោះថា លោកជំទាវនឹងរ៉ាប់រងលើការសាងសង់ក្លឹបប្រដាល់ និងផ្គង់ផ្គង់ប្រចាំខែដល់ក្លឹបនេះទាំងស្រុង ព្រមទាំងមានប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករនៅពេលឡើងប្រកួត និង កីឡាករឆ្នើមផងដែរ។
លោកជំទាវឧកញ៉ា បានដឹងទៀតថា ដោយសារតែចិត្តស្រលាញ់ និងចូលចិត្តទស្សនាការប្រកួតកីឡាប្រដាល់គុនខ្មែរផង នឹងបានឃើញពីស្ថានភាពក្លឹបផ្ទាល់ ទើបមានបំណងចង់ចូលរួមដើម្បីជួយ ហើយអ្វីដែលលោកជំទាវឧកញ៉ា និងស្វាមីចង់ឃើញ គឺទង់ជាតិកម្ពុជា នៅលើឆាកអន្តរជាតិ។

ប្រធានសហពន្ធ័កីឡាប្រដាល់គុនខ្មែរឯកឧត្តម ឧត្តមសេនីឯក តែម ម៉ឺន មានសេចក្តីរីករាយជាខ្លាំង តាមរយៈការចូលរួមរបស់លោកជំទាវឧកញ៉ានៅពេលនេះ គឺជាពន្លឺនៃក្ដីសង្ឃឹម ទៅដល់គុនខ្មែរ ហើយនេះគឺជាទឹកចិត្ត ជាគំរូ ដ៏ល្អ ពិសេសឯកឧត្តមចង់ឱ្យកីឡាករខិតខំបន្ថែម ត្រូវរក្សាវិន័យ និងការហ្វឹកហាត់ឱ្យបានល្អបន្ថែមទៀត។
កញ្ញា លក្ខណា ដែលជាប្រធានក្លឹបប្រដាល់គុនខ្មែរថ្មគោលពោធិ៍សែនជ័យ និងនិរោធន៍មានជ័យ បានប្តេជ្ញាចិត្ត និងបន្តបេសកម្មក្នុងការជួយពង្រឹងគុណភាព សមត្ថភាពកីឡាករបន្តទៀត ក្រោយពីបានទទួលការជួយជ្រោមជ្រែងពីលោកជំទាវឧកញ៉ា និងស្វាមី នឹងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តស្រលាញ់ និងជួយគាំទ្រដល់វិស័យគុនខ្មែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២