ញាន សុខស៊ីដាន មានគោលដៅធំបន្ត ក្រោយពីបានចូលរួមក្នុងពានរង្វាន់ AFF Suzaki Cup

ភ្នំពេញ៖ កីឡាករវ័យក្មេងរបស់ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់កម្ពុជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្រោយពីបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងពានរង្វាន់AFF Suzaki Cup ។

កីឡាករ ញាន សុខស៊ីដាន បានប្រាប់Twon News នៅថ្ងៃពុធទី២២ ខែធ្នូនេះថា « នេះជាលើកដំបូងនៅក្នុងជីវិតរបស់ខ្លួន ដែលបានលេងពានរង្វាន់ AFF Suzaki Cup រូបគេពិតជាសប្បាយចិត្តជាខ្លាំង ហើយគោលដៅបន្តរបស់គេគឺពង្រឹងសមត្ថភាពសម្រាប់ស៊ីហ្គេមនៅថ្ងៃខាងមុខនេះ » ។
កន្លងមក ស៊ីដាន ជាគ្រាប់ពេជ្រថ្មីនៅតំបន់បម្រើរបស់កម្ពុជា ដែលត្រូវបានលោក Honda ផ្តល់ឱកាសស្ទើរតែគ្រប់ការប្រកួតទាំងអស់ ចាប់តាំងពីកីឡាករវ័យក្មេងរូបនេះត្រូវបានកោះហៅឱ្យចូលក្រុមជម្រើសជាតិ ។
កីឡាករវ័យ២០ឆ្នាំរួបនេះ ពិតជាធ្វើបានល្អ គេជាខ្សែបម្រើដែលក្លាហានលេងបាល់ទៅមុខ ជាពិសេសពូកែរកចន្លោះ និង បញ្ជូនទៅឱ្យខ្សែប្រយុទ្ធ បើទោះបីជារូបគេមានបទពិសោធន៍ក្មេងខ្ចីក៏ដោយ។

ខ្សែបម្រើវ័យក្មេង ញាន សុខស៊ីដាន ធ្លាប់បានមានឱកាសប្តូរចូលជំនួសរៀមច្បង សុះ ស៊ូហាណា ហើយក៏បានបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍ ដោយការហ៊ានលេងទៅមុខ និង ស៊ុតពីចម្ងាយល្អធ្វើឱ្យរូបគេក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់រហូតមក ។

សូមរំលឹកផងដែរថា កម្ពុជាបានចូលរួមការប្រកួតពានរង្វាន់AFF Suzaki Cup ប្រព្រឹត្តទៅពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅប្រទេសសិង្ហបូរី ប្រកួតបានចំនួន៤ប្រកួតគិតចាប់តាំងពីឈានជើងដល់ទឹកដីនៃប្រទេសសិង្ហបុរីមក ហើយបានប្រកួតចាញ់ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ហើយកម្ពុជាបានយកឈ្នះ និងធ្វើឲ្យឡាវ មិនស្គាល់ឈ្នះ ឬស្មើម្ដងឡើយ ក្នុងចំណោម ៤ប្រកួត និងប្រកួតចុងក្រោយចាញ់ក្រុមការពារតំណែងជើងឯកវៀតណាមក្នុងលទ្ធផល៤ទល់នឹង០៕
អត្ថបទ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២