ភ្នំពេញ៖ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ ឆ្នាំបានបរាជ័យនៅប្រកួតដ៏សំខាន់ក្រោមថ្វីជើងរបស់ទីម័រខាងកើត ១-០ នៅពហុកីឡដ្ឋានមរតកតេជោកាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ។


ការបរាជ័យរបស់ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ ឆ្នាំ ក្រោមថ្វីជើងក្រុមជម្រើសជាតិ អាយុក្រោម២៣ឆ្នាំទីម័រខាងកើតយប់មិញនេះធ្វើឲ្យយុវជនម្ចាស់ផ្ទះមាន ២ករណី ដើម្បីបានឡើងទៅកាន់វគ្គបន្ត សម្រាប់ការប្រកួតពានរង្វាន់ AFF U23 Championship 2022 ។
ក្រុមយុវជនកម្ពុជាមានភាគរយកាន់តែតិចក្នុងការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ យ៉ាងណាការបានឡើងនេះត្រូវរង់ចាំអ៊ុតមើលការប្រកួតចុងក្រោយរវាងក្រុមយុវជនវៀតណាម និងយុវជនថៃ សិន ដែលយុវជនកម្ពុជាអាចឡើងបានលុះត្រាតែ៖ ករណីទី១-យុវជនវៀតណាមត្រូវឈ្នះយុវជនថៃ ចាប់ពី៣គ្រាប់ឡើង និងករណីទី២-យុវជន ថៃ ត្រូវឈ្នះយុវជនវៀតណាម ចាប់ពី៨ គ្រាប់ឡើង។

ដូច្នេះការប្រកួតវាងក្រុមយុវជនថៃ និងយុវជនវៀតណាម នឹងធ្វើឡើងវេលាម៉ោង ៧ យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ កម្ពុជាមាន៦ពិន្ទុនៅពូល A ឆ្លងកាត់ការប្រកួត៣លើកឈ្នះ២ ចាញ់១ ឈ្នះគឺឈ្នះ យុវជនប្រ៊ុយណេ ៦-០ ឈ្នះយុវជនហ្វីលីពីន ១-០ និងចាញ់ យុវជនទីម័រខាងកើត ១-០។
សូមរជម្រាបថា ក្រោយការបរាជ័យនេះ លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា «អរគុណសម្រាប់ការគាំទ្រកាលពីយប់មិញ ។ យើងមានចំណុចខ្លះដែលត្រូវកែប្រែ និងដើម្បីរីកចម្រើនទាំងអស់គ្នា។ នេះជាសម្ដីដែលខ្ញុំនិយាយទៅកាន់ពួកគេ(កីឡាករ)ក្រោយពេលចប់ការប្រកួត»។

គួររំលឹកថា ពានរង្វាន់នេះកម្ពុជាមិនទាន់ធ្លាក់ទេ ព្រោះនៅរំពឹងទៅលើការប្រកួតរវាងក្រុមក្រុមយុវជនថៃ និងយុវជនវៀតណាម ប្រសិនបើថៃចាញ់វៀតណាមនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៧យប់សិន៕
ដោយ វិកគី
រូបភាព សហព័ន្ធកីឡាបាល់ទាត់កម្ពុជា


