ម្ចាស់មេដាយមាសលើប្រភេទកីឡា Mouy ស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាមមានការតាំងចិត្តយ៉ាងខ្ពស់ ពោលគឺបានកំណត់ថា នឹងប្រឹងប្រែងយកឲ្យបានមេដាយមាស ជូនជាតិម្ដងទៀត សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាឆ្នាំ២០២៣។

ជើងខ្លាំងក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាមខាងលើ បានឲ្យដឹងថា បច្ចុប្បន្ន សមត្ថភាពរបស់ខ្លួនមានការវិវឌ្ឍល្អជាងស៊ីហ្គេមនៅវៀតណាម។ បើនិយាយពីការហ្វឹកហាត់វិញ តាំងពីត្រឡប់ពីស៊ីហ្គេមនៅវៀតណាមមក គឺបន្តប្រឹងប្រែងជាប់រហូត មិនដែលបានសម្រាកទេ ដូច្នេះទើបសមត្ថភាពមានការកើនឡើង។

ជើងខ្លាំងក្បាច់រូបនេះ បានបញ្ជាក់ថា «ស៊ីហ្គេមនៅកម្ពុជាយើងនេះ ខ្ញុំនឹងធ្វើឲ្យបានល្អជាងកាលប្រកួតនៅវៀតណាម ព្រោះថា កាលនៅវៀតណាម អាកាសធាតុវាត្រជាក់ខ្លាំង។ នៅយើងឆ្នាំក្រោយនេះ ខ្ញុំនឹងប្រឹងយកមេដាយមាស ជូនជាតិឲ្យបាន។ សម្រាប់ក្ដីសង្ឃឹមក្នុងការយកមេដាយមាសនេះដែរ ខ្ញុំរំពឹង ៨០% ព្រោះថា យើងធ្វើជាម្ចាស់ផ្ទះ អ៊ីចឹង យើងមានកម្លាំងចិត្តកាន់តែខ្លាំងជាងវ៉ៃនៅវៀតណាម»។

គួររម្លឹកផងដែរថា ជើងខ្លាំងគុនខ្មែរ យ៉េន ឌីណា ត្រូវបានគេស្គាល់ឈ្មោះហៅក្រៅថា បងឆៅ ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិ ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កីឡាកររូបនេះ ជាកូនសោដ៏សំខាន់ម្នាក់ដែររបស់កម្ពុជា ក្នុងការប្រជែងយកមេដាយមាសជូនជាតិ នាស៊ីហ្គេមឆ្នាំ២០២៣៕
ដោយ៖ វិកគី

