ម្ចាស់មេដាយមាសពិភពលោក វ៉ូវីណាម ម៉េត សារី សម្រុកហាត់៣វិញ្ញាសា ក្នុងគោលបំណងដើម្បីយកមេដាយមាស៣គ្រឿង នៅស៊ីហ្គេម២០២៣ឱ្យបាន

កីឡាករជម្រើសជាតិ វ៉ូវីណាម ម៉េត សារី កំពុងហ្វឹកហាត់ចំនួន ៥ វិញ្ញាសា ដែលក្នុងនោះបានសម្រេចចិត្តសម្រុកហាត់ខ្លាំងចំនួន ៣ វិញ្ញាសា ដើម្បីសម្រេចគោលដៅមេដាយមាសចំនួន ៣ គ្រឿងដែលខ្លួនបានកំណត់។ម្ចាស់មេដាយមាសពិភពលោកខាងលើបានឲ្យដឹងថា វិញ្ញាសាដែលធ្លាប់ជោគជ័យ និងឈ្នះ មេដាយមាសក្នុងកម្មវិធីជើងឯកអាស៊ីអាគ្នេយ៍ និងកម្មវិធីពិភពលោកគឺមាន ស្នៀតការពារខ្លួនអត់អាវុធបុរស ពីរនាក់, មេគុណដាវបុរស៤នាក់ និងស្នៀតការពារខ្លួនបុរស៣នាក់ នារី៣នាក់។ ចំណែក២ប្រភេទវិញ្ញាសាផ្សេងទៀត ក៏បានប្រឹងប្រែងហ្វឹកហាត់ដូចគ្នា ប៉ុន្តែមិនបានដាក់ក្ដីរំពឹងខ្ពស់ក្នុងការយកមេដាយនោះទេ គឺស្នៀតការពារកាំបិតខ្លីបុរសពីរនាក់ និងស្នៀតពិសេសកៀបកបុរស៤នាក់។កីឡាករដដែលបានបញ្ជាក់ថា «…ឥឡូវនេះយើងកំពុងហ្វឹកហាត់កម្លាំង និងបច្ចេកទេសខ្លាំង ព្រោះណាមួយពេលនេះហាក់កៀកដែរហើយ។ បច្ចុប្បន្នមួយថ្ងៃយើងហាត់រយៈពេល៨ ម៉ោង ដោយក្នុងមួយថ្ងៃយើងហាត់៣ពេលគឺព្រឹកម៉ោង ៥ ដល់ម៉ោង ៧ និងបន្ទាប់មកហាត់ម៉ោង ៩ ព្រឹកដល់ម៉ោង ១១ ថ្ងៃត្រង់ និងយើងហាត់ម៉ោង៣ដល់ម៉ោង៥ល្ងាច។ បច្ចុប្បន្នហ្នឹងយើងនៅមានការខ្វះខាតខ្លះៗដែរបង ដោយសារមានវិញ្ញាសាខ្លះថ្មី ដូច្នេះយើងត្រូវការហ្វឹកហាត់បន្ថែមទៀត ជាក់ស្ដែងមុនស៊ីហ្គេមមកដល់ យើងនឹងទៅហាត់នៅវៀតណាមរយៈពេលវែងដើម្បីពង្រឹងសមត្ថភាពបន្ថែម»។

 

«សម្រាប់៣វិញ្ញាសាដែលខ្ញុំបានដាក់ការខិតខំប្រឹងប្រែងហ្វឹកហាត់ហ្នឹង គឺយើងធ្លាប់ទទួលបានលទ្ធផលល្អ ដូច្នេះយើងនឹងព្យាយាមរក្សាតំណែងទាំងអស់នោះ។ ដោយឡែក២វិញ្ញាសាផ្សេងទៀតហ្នឹងក៏ខ្ញុំកំពុងហ្វឹកហាត់ខ្លាំងដែរ ព្រោះគ្រូកាត់បានដាក់ថា យើងត្រូវតែប្រឹងប្រែងបើទោះវាជាប្រភេទវិញ្ញាសាថ្មីក៏ដោយ។ សម្រាប់ស៊ីហ្គេមនៅកម្ពុជាខ្ញុំរំពឹងថា នឹងទទួលបានលទ្ធផលល្អ ព្រោះអីយើងបានខិតខំហ្វឹកហាត់ខ្លាំង ហើយបច្ចេកទេសដែលធ្លាប់ធ្វើកន្លងមកក៏វាល្អដែរ ពិសេសហ្នឹងគឺយើងកំពុងពង្រឹងបន្ថែម»។ នេះជាការបន្ថែមរបស់ សារី ។

 

គួររម្លឹកផងដែរថា ម៉េត សារី ធ្លាប់ឈ្នះមេដាយមាសជើងឯកអាស៊ីអាគ្នេយ៍លើកទី៤ កាលកម្ពុជាធ្វើម្ចាស់ផ្ទះ, ជើងឯកអាស៊ីអាគ្នេយ៍លើកទី៥នៅប្រទេសមីយ៉ាន់ម៉ា គេទទួលបានមេដាយប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿង កម្មវិធីជើងឯកអាស៊ីដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ីឈ្នះមេដាយ២គ្រឿង ប្រាក់២គ្រឿង និងកម្មវិធីជើងឯកពិភពលោកលើកទី៦ ដែលធ្វើឡើងនៅកម្ពុជានោះគឺឈ្នះមេដាយមាស២គ្រឿង និងប្រាក់២គ្រឿងផងដែរ។ ចំណែកការប្រកួតស៊ីហ្គេមនៅវៀតណាមវិញគឺ ម៉េត សរី មិនបានចូលរួមប្រកួតទេ ដោយសារតែពេលនោះគឺខាងម្ចាស់ផ្ទះវៀតណាមមិនបានដាក់ប្រភេទវិញ្ញាសារបស់គេចូលឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២