ភ្នំពេញ៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ចូនប្រតិភូ គ្រូបង្វឹក និងអត្តពលិក ១៧រូប ចូលរួមប្រកួតជើងឯកការ៉ាតេពិភពលោក WKF Championship Series A 2022 ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកានេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ នេះគឺជាការចេញដំណើរលើកទី២ របស់ក្រុមកីឡាការ៉េតេកម្ពុជា បន្ទាប់ពីក្រុមទី១ បានធ្វើដំណើរទៅបោះជំរំហ្វឹកហាត់ កាលពី២សប្ដាហ៍មុន ដើម្បីត្រៀមការប្រកួតដ៏ធំនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនចាកចេញពីមាតុភូមិ លោក ហេង ផេង ប្រធានគ្រូជម្រើសជាតិកីឡាការ៉ាតេកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះ ពិតជាពិសេសណាស់ ពីព្រោះមានប្រទេសជាច្រើន (យ៉ាងហោច៦៥ប្រទេស) ចូលរួម ដែលជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា ប្រកួតប្រជែង ដើម្បីវាស់ស្ទង់សមត្ថភាព និងដកស្រង់បទពិសោធន៍ បន្ទាប់ពីពួកគេបោះជំរំហ្វឹកហាត់រយៈពេល៣ខែ នៅជប៉ុន កាលពីថ្មីៗ ក៏ដូចជាការហ្វឹកហាត់កន្លងមក ដើម្បីសម្រួចសមត្ថភាពឆ្ពោះទៅប្រជែងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣។យ៉ាងណាក្ដី ដើម្បីពង្រឹងគុណផលកីឡាកម្រិតខ្ពស់ ពិសេសសម្រួចសមត្ថភាពឲ្យកាន់តែមុតស្រួច លោកបានលើកឡើងថា ការប្រកួត Series A នៅមិនទាន់គ្រប់គ្រាន់នោះទេ។ ជាក់ស្ដែងសហព័ន្ធមានផែនការប្រកួតជាច្រើនទៀត សម្រាប់កីឡាករ កីឡាការិនី ដូចជាការប្រកួតកីឡាជាតិ លើកទី៣ នៅចុងខែវិច្ឆិកានេះ។
ការប្រកួតជើងឯកអាស៊ី នៅប្រទេសអូបេគីស្ថាន នាពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ និងការប្រកួតជើងឯកអាស៊ាន អំឡុងខែមីនា ឆ្នាំ២០២៣ ជាដើម ដើម្បីធានាបាននូវការត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងមេដាយក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ប្រធានគ្រូបង្វឹកជម្រើសជាតិដដែលបន្ដថា សម្រាប់ការប្រកួត WKF Championship Series A 2022 នៅហ្សាកាតានេះ គឺបែងចែកជា២ផ្នែកធំៗ គឺសម្ដែង និងប្រយុទ្ធ។ សម្រាប់ផ្នែកសម្ដែងមាន៤វិញ្ញាសាគឺ វិញ្ញាសាសម្ដែងឯកត្តជនបុរស-នារី និងសម្ដែងក្រុមបុរស-នារី។ រីឯផ្នែកប្រយុទ្ធ សម្រាប់បុរសពេញវ័យមាន៥វិញ្ញាសាគឺទម្ងន់ -៦០គក, -៦៧គក, -៧៥គក, -៨៤គក និង +៨៤គក ហើយសម្រាប់នារី មាន៣វិញ្ញាសាគឺទម្ងន់ -៥០គក, -៥៥គក និង -៦១គក៕
ដោយ៖វិកគី

