ភ្នំពេញ៖ ម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាជាតិ ឆ្នាំ២០២២នេះ គឺសុទ្ធតែជាកីឡាករ កីឡាការិនី ដែលមានសក្តានុពល និងសមត្ថភាពខ្ពស់ ក្នុងការត្រៀមឆ្ពោះទៅប្រកួតប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

ក្នុងឱកាសបិទការប្រកួតកីឡាគុនខ្មែរនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា ម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាជាតិ ឆ្នាំ២០២២នេះ គឺសុទ្ធតែជាកីឡាករ កីឡាការិនី ដែលមានសក្តានុពល និងសមត្ថភាពខ្ពស់។ ឯកឧត្តមបន្ថែមថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ក្នុងកីឡាជាតិ លើកទី៣នេះគឺជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីបានបញ្ចេញទេពកោសល្យ សមត្ថភាព ក៏ដូចជាការវាស់ស្ទង់បច្ចេកទេស កីឡាករ កីឡាការិនីម្នាក់ ដែលបានហ្វឹកហាត់កន្លងមក ដើម្បីត្រៀមឆ្ពោះទៅប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សូមជម្រាបផងដែរថា ចំពោះលទ្ធផលបច្ចេកទេស គឺក្រសួងការពារជាតិឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយសរុបចំនួន១០គ្រឿង ក្នុងនោះមេដាយមាស ៧ ប្រាក់២ និងសំរឹទ្ធ១, លេខ២ ក្រសួងមហាផ្ទៃ មេដាយសរុប ៧គ្រឿង ក្នុងនោះមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ២ ខណៈលេខ៣ ខេត្តកែប មេដាយប្រាក់៣ និងសំរឹទ្ធ២។

ក្រៅពីនេះខេត្តមួយចំនួនទៀត ក៏ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធមួយចំនួនជាបន្តបន្ទាប់ផងដែរ។ ជាមួយគ្នានេះ ក្រសួងការពារជាតិ ក៏ដណ្តើមបានមេដាយមាស១ និងប្រាក់១គ្រឿងផងដែរ លើវិញ្ញាសា ថ្វាយបង្គំគ្រូរបស់កីឡាការិនី ដែលមានវិញ្ញាសាសរុបចំនួន១២៕
ដោយ៖វិកគី

