កីឡាជឺជីតស៊ូ ឈ្នះមេដាយចំនួន ១៦គ្រឿងពីព្រឹត្តិការណ៍ SIAM CUP Winter Edition 2022 នៅប្រទេសថៃ

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា បានដណ្ដើមមេដាយសរុបចំនួន ១៦គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ៦, ប្រាក់ ៥ និងសំរឹទ្ធ ៥ ពីការប្រកួតអន្ដរជាតិ SIAM CUP Winter Edition 2022 នៅទីក្រុងបាងកក ប្រទេសថៃ។

លោក Jasper Pass គ្រូបង្វឹកកីឡាជឺជីតស៊ូកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះ បានធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានអត្តពលិកមកពីបណ្តាប្រទេសចំនួន ៤៩ ស្មើនឹងកីឡាករ-កីឡាការិនីសរុប ៧៥០នាក់ចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជាចំនួន ១៦នាក់ផងដែរ។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា ដ្បិតភាគច្រើនជាកីឡាករ-កីឡាការិនីវ័យក្មេង ប៉ុន្តែពួកគេធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ រហូតដណ្ដើមបានមេដាយសរុប ១៦គ្រឿង។ លោកសង្ឃឹមថា ពួកគេនឹងក្លាយជាធនធានបន្ដវេនដ៏មានសក្ដានុពលសម្រាប់កីឡាជឺជីតស៊ូកម្ពុជានាថ្ងៃអនាគត៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២