ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ បញ្ចប់ដោយជោគជ័យ ខណៈម្ចាស់ផ្ទះកម្ពុជាឈ្នះមេដាយចំនួន១៩គ្រឿង

(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៣ថ្ងៃកន្លងមកនេះ កម្ពុជាបានប្រជែងឈ្នះមេដាយចំនួន១៩គ្រឿង ពីបណ្ដាលប្រទេសចំនួន៧ ដោយក្នុងនោះមានមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១៣គ្រឿង ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍(Southeast Asian Wrestling Championship) ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ ត្រូវបានចាត់ទុកជាការប្រកួតមុនព្រឹត្តិការណ៍ស៊ីហ្គេម ឬ Pre-SEA Games ដើម្បីពង្រឹងសមត្ថភាពរបស់សហព័ន្ធ ក្នុងការត្រៀមទាំងមន្ដ្រីបច្ចេកទេស និងធនធានកីឡាករ-កីឡាការិនី ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល៣ថ្ងៃ លើវិញ្ញាសាធំៗចំនួន ៣ រួមមានវិញ្ញាសាចំបាប់ក្រិចរ៉ូម៉ាំង និងវិញ្ញាចំបាប់សេរីបុរស-នារី ស្មើនឹងវិញ្ញាសាតូចៗសរុប ៣០ប្រភេទទម្ងន់ គឺអត្តពលិកវៀតណាមដណ្ដើមបានមេដាយច្រើនជាងគេ ៣០គ្រឿង (មាស ១៨ ប្រាក់ ១១ និងសំរឹទ្ធ ១) ខណៈឥណ្ឌូនេស៊ី ឈរលេខ២ ឈ្នះមេដាយសរុប ១៨គ្រឿង (មាស ៦ ប្រាក់ ៩ និងសំរឹទ្ធ ៣)។ ឯម្ចាស់ផ្ទះកម្ពុជា ឈរលេខ៣ ឈ្នះមេដាយសរុប ១៩គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១៣)។

ចំណែកអត្តពលិកមកពីហ្វីលីពីន ដណ្ដើមបានមេដាយមាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៥ សរុប ១១គ្រឿងឈរចំណាត់ថ្នាក់លេខ៤ គ្រាដែលក្រុមអត្តពលិកចំបាប់ថៃ ឈរលេខ៥ ដណ្ដើមបានមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ៦ សរុប ៩គ្រឿង និងសិង្ហបុរី ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ២ សរុប ៣គ្រឿង ឈរលេខ៦ ។ រីឯក្រុមអត្តពលិកចំបាប់ឡាវ ពុំទទួលបានមេដាយអ្វីនោះទេ។

គួរំលឹកផងដែរថា៖ ព្រឹត្តិការណ៍ប្រចាំតំបន់លើកដំបូងនៅកម្ពុជានេះ បានដំណើរការប្រកួតរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២២ គឺមានប្រតិភូ និងអត្តពលិកជិត ២០០នាក់ចូលរួម ក្នុងនោះអត្តពលិកក្នុងតំបន់ ដែលចូលរួមប្រកួតមាន ៧ប្រទេស គឺមានម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ថៃ សិង្ហបុរី ឡាវ និងហ្វីលីពីន រួមជាមួយប្រតិភូ មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងជំនាញការអន្ដរជាតិ មកពីប្រទេសជាច្រើនទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២