កម្មវិធី Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី2 ខេត្តបាត់ដំបង នាថ្ងៃឆ្លងឆ្នាំសកលបានបំបែកកំណត់ត្រាអ្នកទស្សនាកម្មវិធីគុនខ្មែរក្នុងស្រុកតាមបណ្តាញសង្គមហ្វេសប៊ុកច្រើនបំផុតមិនធ្លាប់មានពីមុនមក ។ បន្ទាប់ពីទទួលបានភាពជោគជ័យខ្ពស់កាលពីរដូវកាលទី1មក ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Wurkz បានបន្តចាប់ដៃគូជាមួយស្ថានីយ៍ទូរទស្សន៍ TOWN FULL HDTV ដើម្បីបន្តបេសកកម្មក្នុងកម្មវិធី Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេស នារដូវកាលទី2នេះ ។នៅចុងសប្តាហ៍នេះដែរ កម្មវិធី Wurkz ប្រដាល់គុនខ្មែររដូវកាលទី2នេះនឹងទៅដល់ខេត្តបន្ទាយមានជ័យហើយ ហើយសង្ឃឹមថានឹងផ្ទុះការគាំទ្រកក្រើកនៅទីនោះទៀតជាពុំខាន។


សម្រាប់រដូវកាលទី2នេះគឺកាន់តែប្លែក និងកាន់តែអស្ចារ្យ ដោយមានបន្ថែមទីតាំងប្រកួត និងការប្រគុំតន្រ្ដី1ថ្ងៃ ក្រោយថ្ងៃប្រកួតផងដែរ ។ បេសកកម្មក្នុងរដូវកាលទី2នេះ ប្រព្រឹត្តិទៅបាន 2ទីតាំងរួចមកហើយ ពោលគឺនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលសុទ្ធតែទទួលបានការគាំទ្រខ្លាំងដូចគ្នា ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងសឹងមិនគួរឱ្យជឿនោះ គឺការប្រកួតនៅទីតាំងខេត្តបាត់ដំបងនាថ្ងៃឆ្លងឆ្នាំសកលមានអ្នកទស្សនាតាមរយៈ ការ Live នៅលើហ្វេសប៊ុករហូតដល់ទៅជាង 146K ដែលជាកំណត់ត្រាមួយមិនធ្លាប់មាន សម្រាប់ចំនួនអ្នកទស្សនាកម្មវិធីប្រដាល់ដែលរៀបចំនៅក្នុងស្រុក ។

ងាកមកកាន់លទ្ធផលប្រកួតនៅទីតាំងខេត្តបាត់ដំបងនេះវិញ គូសន្សំពិន្ទុខ្សែក្រវាត់ IPCC Kun Khmer ពូល B កីឡាករ ភួន ឡាំងស៊ីន ឈ្នះពិន្ទុ ពេជ្រ ម្ទេសខ្មាំង កីឡាករ គង់ ហូវ ផ្តួល ឡូញ វណ្ណឌី នៅទឹកទី1 និង វ៉ាន់ វឿន ឈ្នះពិន្ទុ លាភ រដ្ឋា គូមិត្តភាពជាតិ ឌុន សុភុត ស្មើពិន្ទុ ហុង ជីវង្ស ខណៈគូមិត្តភាពអន្តរជាតិ ចក់ សាវ័ន ស្មើពិន្ទុកីឡាករថៃ ឆៃវ៉ាត់ ស្ទឹងនឿន កីឡាករ ផល សោភ័ណ្ឌ ឈ្នះពិន្ទុកីឡាករថៃ ណាត់ថាភូមិ និង ធឿន ធារ៉ា ឈ្នះពិន្ទុ កីឡាករថៃ បេកខេម ។

គូរបញ្ជាក់ផងដែរថា កាលពីរដូវកាលទី1 កម្មវិធី Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសបានរកឃើញម្ចាស់ជ័យលាភីខ្សែក្រវាត់ IPCC Kun Khmer គឺកីឡាករ ផល សោភ័ណ្ឌ ខណៈជើងឯករងបានទៅលើកីឡាករ ឡង បេនលឿន។ មហាព្រឹត្តិការណ៍ Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី2 និងបន្តចេញដំណើរប្រកួតនៅខេត្តបន្ទាយជ័យនាថ្ងៃទី08 ខែមករា ឆ្នាំ2023 នាចុងសប្តាហ៍នេះ ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដែលជាអ្នកនិយមគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែររងចាំទស្សនាទាំងអស់គ្នា៕

