ភ្នំពេញ៖ ក្នុងឋានជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺនៅគ្រប់បណ្តារាជធានី-ខេត្តទាំងអស់នឹងត្រូវរៀបចំតុបតែងផ្សព្វផ្សាយ នៅតាមទីសាធារណៈនានា ចាប់ពីពាក់កណ្តាលខែមករា ឆ្នាំ២០២៣នេះតទៅ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែម ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាបង្ហាញដល់បណ្តាប្រទេសនានា បានមើលឃើញពីការត្រៀមខ្លួនរបស់កម្ពុជា មុនពេលពិធីរាប់ថយក្រោយ១០០ថ្ងៃចូលមកដល់។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ឱ្យខាងជំនាញគ្រប់ផ្នែកទាំងអស់ ត្រៀមខ្លួនឱ្យបានរួចរាល់ និងច្បាស់លាស់ ដោយទទួលបានការគាំទ្រពីអាជ្ញាធររាជធានី-ខេត្តទាំងអស់ ក្នុងការរៀបចំតុបតែង ផ្សព្វផ្សាយអំពីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។សម្រាប់ការរៀបចំការតុបតែងនៅភ្នំពេញនឹងរៀបចំចាប់ផ្តើមពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅតាមដងផ្លូវ ទីសាធារណៈផ្សេង នេះជាប្រសាស៍របស់ឯកឧត្តម វ៉ាត់ ចំរើននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC-CAMAPGOC ។

នៅក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃអង្គារម្សិលម៉ិញ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ទទួលបន្ទុកការងារផ្សព្វផ្សាយស៊ីហ្គេម បានមកផ្តល់យោបល់ល្អៗពាក់ព័ន្ធនឹងទីតាំង និងលទ្ធភាពនានា សម្រាប់ការរៀបចំ ដោយចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣តទៅ ដល់ដើមខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២៣ និងបន្តរៀបចំតុបតែងផ្សព្វផ្សាយ ទាំងក្នុងទីលានប្រកួត ក្រៅទីលានប្រកួត ទាំងទីតាំងសាធារណៈផ្សេងជាច្រើនទៀត ដើម្បីបំផុសចលនាការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យកាន់តែទូលំទូលាយដល់ស្រទាប់ប្រជាពលរដ្ឋទូទាំងប្រទេស៕
ដោយ៖ វិកគី

