ភ្នំពេញ៖ ឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ (SEA OOU CHAKTRANG Championship) ឆ្នាំ២០២៣ គឺជាឱកាសផ្សព្វផ្សាយកីឡាអុកចត្រង្គខ្មែរ ទៅឆាកអន្តរជាតិ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខនេះ។ឯកឧត្តមប្រធានសហព័ន្ធបានបន្ថែមថា ការរៀបចំការប្រកួតកម្រិតអន្តរជាតិ (Pre-Sea Games) នេះ គឺជាមោទកភាពថ្មីមួយ សម្រាប់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ក្នុងន័យផ្សព្វផ្សាយកីឡាប្រពៃណីខ្មែរយើង ដែលបងប្អូនប្រជាពលរដ្ឋយើងចេះលេងសឹងតែគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដល់មិត្តក្នុងតំបន់អាស៊ីអាគ្នេយ៍ បានស្គាល់ដើម្បីអភិវឌ្ឍន៍ និងអភិរក្សកីឡាអត្តសញ្ញាណដ៏ល្អមួយនេះ ដល់យុវជនជំនាន់ក្រោយ។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា កីឡាអុកចត្រង្គ គឺជាប្រភេទកីឡាដែលផ្តោតសំខាន់ទៅលើបញ្ញា ស្មារតី។ ទន្ទឹមគ្នានេះ ក៏ត្រូវមានសុខភាពល្អដែរ ទើបអាចលេងកីឡាមួយនេះបាន។ឯកឧត្តម គុជ គីមឡុង បានអោយដឹងទៀតថា ការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលនេះ គឺបន្ទាប់ពីសហព័ន្ធទទួលបានការអនុញ្ញាត និងគាំទ្រ ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងមាន ៥ប្រទេស ចូលរួម ក្នុងនោះមាន ម្ចាស់ផ្ទះកម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា និងឡាវ ដែលមានប្រតិភូ អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីចូលរួមសរុប ៦២នាក់។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាអុកចត្រង្គ ជើងឯកអាស៊ីអាគ្នេយ៍ SEA OOU CHAKTRANG Championship 2023 នេះ នឹងធ្វើឡើងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ CAMSOC៕

ដោយ៖ វិកគី

