ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្ដភាពអន្តរជាតិ ជាមួយបារាំង មុនស៊ីហ្គេម ឆ្នាំ២០២៣នេះ

ភ្នំពេញ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិបារាំងអាយុក្រោម១៩ឆ្នាំ នាពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ ដើម្បីពង្រឹងសមត្ថភាពបន្ថែមឱ្យបានកាន់តែល្អ ត្រៀមឆ្ពោះទៅប្រជែងរកមេដាយមាស ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីខ្លួនឯង នាខែឧសភា ខាងមុខនេះ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់ឱ្យដឹងថា ជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមយុវជនបារាំង ដែលជាប្រទេសឈរចំណាត់ថ្នាក់លេខ៣ ផ្នែកកីឡាបាល់ទះនៅលើពិភពលោកមួយនេះ នឹងធ្វើឡើង នៅរាជធានីភ្នំពេញ តែលោកពុំទាន់បានបញ្ជាក់ថ្ងៃប្រកួតច្បាស់លាស់នោះទេ ដោយគ្រាន់តែអះអាងថា ការប្រកួតនឹងកើនមាន នៅពាក់កណ្ដាលខែកុម្ភៈ។

ក្រៅពីការត្រៀមប្រកួតមិត្តភាពជាមួយក្រុមយុវជនបារាំងអាយុក្រោម១៩ឆ្នាំ ក្នុងខែកុម្ភៈ ខាងមុខនេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ក៏បានជួបពិភាក្សាជាមួយលោក Mayor Sokhary Chau អភិបាលក្រុម Lowell នៃរដ្ឋ Massachusetts កាលពីថ្មីៗនេះ ដើម្បីបង្កភាពស្និទ្ធស្នាល និងសិក្សាពីគម្រោងអញ្ជើញក្រុមកីឡាករអាមេរិក មកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាគម្រោងរៀបចំពានរង្វាន់មិត្តភាព រវាងកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ផងដែរ។

គួរឱ្យដឹងផងដែរថា ក្រោយពីបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ ដណ្ដើមបានមេដាយសំរឹទ្ធ ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ក្រុមបាល់ទះជម្រើសជាតិកម្ពុជា មានសកម្មភាពប្រកួតកាន់តែផុសផុល ដើម្បីសម្រួចគោលដៅឆ្ពោះទៅប្រជែងមេដាយមាសស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ ជាក់ស្ដែងមុនជួបបារាំង ក្រុមកម្ពុជាក៏បានប្រកួតមិត្តភាពអន្ដរជាតិ ២ប្រកួតរួចហើយផងដែរ ដោយពួកគេ បានយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ២សិតទល់នឹង១សិត (២-១) និងយកឈ្នះក្រុមជម្រើសជាតិគុយបា ៣-១ កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២