ភ្នំពេញ៖ការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ (SEA OUK CHAKTRANG Championship 2023) បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួត ៦ថ្ងៃ ចាប់ពីថ្ងៃទី០៧-១២ ខែមករានេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយក្រុមកីឡាអុកចត្រង្គម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៨គ្រឿង ។

ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC), ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា រួមទាំងប្រតិភូ និងអត្តពលិកបណ្ដាប្រទេសចូលរួមការប្រកួតនេះផងដែរ។

ព្រឹត្តិការណ៍លំដាប់អាស៊ានលើកដំបូងនៅកម្ពុជានេះមាន៦វិញ្ញាសា ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ៦២នាក់ មកពី ៥ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ។ ការប្រកួតបានប្រព្រឹត្តទៅ ដោយភាពជោគជ័យ ដែលជាកត្ដានាំឲ្យសហព័ន្ធកីឡាអុចត្រង្គកម្ពុជាមានសង្ឃឹមយ៉ាងមុតមាំ នឹងអាចរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ ដោយរលូន។ចំពោះលទ្ធផលបច្ចេកទេស ក្រោយដំណើរការប្រកួតជិត ១សប្ដាហ៍កន្លងមក គឺម្ចាស់ផ្ទះកម្ពុជា ឈរកំពូលតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ៨គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៣ ខណៈវៀតណាម ឈរលេខ២ ឈ្នះមេដាយសរុប ៧គ្រឿង រួមមានមេដាយមាស មាស២ ប្រាក់ ៣ និងសំរឹទ្ធ ២ និងមីយ៉ាន់ម៉ា ឈរលេខ៣ ឈ្នះមេដាយសរុប ៣គ្រឿង គឺមានមេដាយមាស ១ និងសំរឹទ្ធ ២ រីឯថៃ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខរៀងទី៤ គ្រាដែលឡាវ ពុំទទួលបានមេដាយនោះទេ៕
ដោយ៖វិកគី

