ភ្នំពេញ៖នៅល្ងាចថ្ងៃទី២៥ មករា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មានការរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃយ៉ាងអធិកអធម នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។


ការរៀបចំនេះផ្តោតការយកចិត្តទុកដាក់ខ្ពស់ ត្រៀមពិធីរាប់ថយក្រោយ១០០ថ្ងៃឱ្យមានភាពឱឡារឹកជាមួយនឹងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នៅគ្រប់បណ្តាញសារព័ត៌មាន និងមានការចូលរួមគាំទ្រពីស្រទាប់មហាជន។ ក្នុងពិធីនេះ ម្ចាស់ផ្ទះ កម្ពុជាក៏បានអញ្ជើញនាយបេសកកម្មស៊ីហ្គេមនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ មកចូលរួមក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃនេះ ដើម្បីជាសក្ខីភាពបញ្ជាក់អំពីការត្រៀមខ្លួនបានរួចរាល់របស់ម្ចាស់ផ្ទះកម្ពុជា ជូនជនរួមជាតិ និងអន្តរជាតិ។
គួរជម្រាបផងដែរថា កម្មវិធីរាប់ថយក្រោយ១០០ថ្ងៃ ដែលចាប់ផ្តើមធ្វើពីម៉ោង៤រសៀលតទៅ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ មានកម្មវិធីពិសេសៗជាច្រើនដូចជាសម្តែងសិល្បៈ វប្បធម៌ និងក្រុមកីឡា ប្រមាណ១០០០នាក់ ដើម្បីសម្តែងក្នុងពិធីដ៏មានសារសំខាន់នេះ។ ពិធីនេះនឹងមានការផ្សាយបន្តផ្ទាល់ពីបណ្តាញទូរទស្សន៍ បណ្តាញសង្គម ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសមាគមទូរទស្សន៍កម្ពុជា។


សូមបញ្ចាក់ថាប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស អាចទៅចូលរួមគាំទ្រដោយសេរីឥតគិតថ្លៃ ក្នុងពិធីរាប់ថយក្រោយ ១០០ថ្ងៃ នាល្ងាចថ្ងៃពុធនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចូលរួមទាំងអស់គ្នាដើម្បីកីឡាជាតិយើង៕

ដោយ៖ វិកគី

