ដំណឹងល្អ ! សម្តេចតេជោនាយករដ្ឋមន្ត្រីផ្តល់កន្លែងព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួសដោយការប្រកួតទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាពដោយមិនបង់ប្រាក់

ដោយមើលឃើញពីទុក្ខលំបាករបស់កីឡាករ កីឡាការិនីមួយចំនួនបានរងរបួស ដោយការប្រកួត ជាពិសេសកីឡាបាល់ទាត់ និងកីឡាប្រដាល់នោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានសម្រេចឱ្យក្រសួងសុខាភិបាលរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី១០០ទៅ២០០គ្រែ។ហើយការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់អ្វីឡើយ។

សម្តេចតេជោបានសរសេរសារនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចថា កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួត ពិសេសកីឡាបាល់ទាត់ និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផង ដែលជាញឹកញាប់ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។

ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេង និងលោកជំទាវយក់ សម្បត្តិដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី១០០ទៅ២០០គ្រែ។ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។

សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ។

សូមកីឡាករ កីឡាការិនីទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២