ភ្នំពេញ៖ លោក Belmadi Slimane គ្រូបង្វឹកក្រុមបាល់ទះជម្រើសជាតិ U19 បារាំង បានចាត់ទុកការប្រកួតមិត្ដភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិកម្ពុជា នាចុងសប្ដាហ៍នេះនឹងផ្ដល់នូវផលចំណេញរៀងៗខ្លួន ពិសេសលោករំពឹងថានឹងបានផ្ដល់នូវបទពិសោធល្អៗ ដល់ក្រុមម្ចាស់ផ្ទះកម្ពុជា សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ។


ការលើកឡើងនេះ បន្ទាប់ពីលោក រួមជាមួយមន្ដ្រីសហព័ន្ធកីឡាបាល់ទះបារាំង និងកីឡាករចំនួន ២១នាក់ បានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។


គ្រូបង្វឹករូបនេះ បានសម្ដែងសេចក្ដីរីករាយជាខ្លាំង ក្រោយបានធ្វើដំណើរមកដល់កម្ពុជា និងការទទួលស្វាគមន៍ដ៏កក់ក្ដៅរបស់ម្ចាស់ផ្ទះ ក្នុងនាមបេក្ខភាពត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម។ ក្នុងន័យនេះ លោកប្ដេជ្ញានឹងដឹកនាំកូនក្រុមធ្វើឲ្យបានល្អ ក្នុងការប្រកួតមិត្តភាពនាពេលខាងមុខ ដើម្បីរឹតចំណងមិត្តភាព និងទំនាក់ទំនងជិតស្និទ្ធរវាងសហព័ន្ធកីឡាបាល់ទះបារាំង និងកម្ពុជាផង ក៏ដូចជាចែករំលែកនូវបទពិសោធខ្លួនផង។


គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ២ជើង ជាមួយក្រុមជម្រើសជាតិ U19 បារាំង នាថ្ងៃទី១៩ និងថ្ងៃទី២២ ខែកុម្ភៈខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)។ ការប្រកួតនេះ ត្រូវបានចាត់ទុកជាការវាស់ស្ទង់មួយដ៏សំខាន់ សម្រាប់ក្រុមបាល់ទះកម្ពុជា ដែលប្រឈមមុខជាមួយក្រុមយុវជន នៃប្រទេសមហាអំណាចបាល់ទះពិភពលោក (ក្រុមធំបារាំង ឈរចំណាត់ថ្នាក់លេខ៣ ពិភពលោក) ដើម្បីពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕

ដោយ៖ វិកគី

