ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍Wurkzប្រដាល់គុនខ្មែររដូវកាលទី១ និងទី២បានបញ្ចប់ទៅ ឥឡូវនេះស្ថានីយទូរទស្សន៍ថោន បានសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យថ្មីមួយទៀត«Wurkzប្រដាល់គុនខ្មែរពិភពលោក»ដែលអមទៅដោយសង្វៀន៨ទិស ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា បានពង្រីកវិសាលភាពកាន់តែធំ និងពិសេសជាងមុន ដោយបានសហការជាមួយស្ថាប័នពិភពលោកជាច្រើនទៀត។

ការប្រកួតនៅលើសង្វៀន ៨ទិស ដែលរៀបចំដោយស្ថានីយទូរទស្សន៍ ថោន ហ្វូលអេចឌីធី វី ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនោះគឺមានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិរួមមាន៖
១- ក្រសួងអប់រំ យុវជន និងកីឡា
២- សហព័ន្ធកីឡាប្រដាល់គុនខ្មែរ
៣- ស្ថាប័នសហព័ន្ធប្រដាល់អន្តរជាតិ International Professional Combat Council (IPCC)។

កម្មវិធី« Wurkz ប្រដាល់គុនខ្មែរពិភពលោក»នឹងធ្វើឡើងជារៀងរាល់ចុងសប្តាហ៍រយៈពេល២ថ្ងៃជាប់គ្នា ទៅតាមប្រភេទទម្ងន់ផ្សេងគ្នា ដោយមានកាប្រកួតដណ្តើមពានរង្វាន់ចំនួន៨ និងខ្សែក្រវាត់ចំនួន២ផងដែរ។នៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលពុំធ្លាប់មានពីមុនមកនេះគឺមានរៀបចំការប្រកួតចំនួន ៧សប្តាហ៍ ដោយក្នុងមួយសប្តាហ៍ប្រកួតដណ្តើមយកពាន១ ទៅតាមប្រភេទនៃទម្ងន់នីមួយៗគឺប្រភេទទម្ងន់៦០ និង៦៥គីឡូក្រាម ជាការប្រកួតដណ្តើមពានលក្ខណៈម៉ារ៉ាតុនប្រចាំសប្តាហ៍នីមួយៗ ដែលប្រមូលផ្តុំទៅដោយកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិ។

សូមជម្រាបផងដែរថា ការប្រកួតនៅលើសង្វៀន Wurkz ប្រដាល់គុនខ្មែរពិភពលោក ស្ថានីយ៍ទូរស្សន៍ថោនហ្វូលអេចឌីធី វី បានសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយមានការទទួលស្គាល់ពីស្ថាប័នជាតិ-អន្តរជាតិបាននាំមកនូវកីឡាករជើងខ្លាំង ដែលមកពីប្រទេសផ្សេងៗគ្នា ដែលអាចឈានដល់ទៅជាង ៣០ប្រទេស។ហើយនៅចុងសប្តាហ៍នេះ Wurkz ប្រដាល់គុនខ្មែរពិភពលោកនឹងចាប់ផ្តើមនៅខេត្តកំពត ដូនច្នេះអ្នកខេត្តកំពតកុំភ្លេចទៅចូលរួមទស្សនាឱ្យបានច្រើនកោះករ ៕
ដោយ៖ វិកគី

