ភ្នំពេញ ៖ សង្វៀនម៉ាសហ្វៃខេមបូឌានឹងត្រឡប់មកជួបបងប្អូន ដែលស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរវិញហើយ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ បន្ទាប់ពីមានការផ្អាកមួយសប្តាហ៍ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។ជាមួយនឹងការវិលត្រឡប់មកវិញនេះ សង្វៀនម៉ាសហ្វៃខេមបូឌានឹងនាំយកកីឡាករជើងខ្លាំងមកពីបណ្ដាប្រទេសនានា ក៏ដូចជាកំពូលកីឡាករជើងខ្លាំងគុនខ្មែរជាច្រើនរូប ដើម្បីមកប្រកួតបញ្ចេញក្បាច់ដាក់គ្នា នៅលើសង្វៀនលំដាប់ពិភពលោកនេះ។

បើតាមគណៈកម្មការរៀបចំផ្គូរផ្គង់កីឡាករប្រកួតបានឱ្យដឹងថា ក្នុងការប្រកួតនៅលើសង្វៀនម៉ាសហ្វៃខេមបូឌា នាថ្ងៃអាទិត្យចុងសប្តាហ៍នេះគឺមានវត្តមានរបស់កីឡាករមកពីក្លឹបនាយកដ្ឋានអង្គរក្ស ដែលជាកីឡាករជើងខ្លាំងចំនួន ២ រូប ត្រូវជួបប្រកួតជាមួយកីឡាករអន្តរជាតិនៅលើសង្វៀនម៉ាសហ្វៃខេមបូឌានេះចាប់ពីវេលាម៉ោង ៣ រសៀលតទៅ។
ដូចដែលពុកម៉ែបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរបានជ្រាបរួចហើយថា កីឡាករដែលមកពីក្លឹបនាយកដ្ឋានអង្គរក្សគឺសុទ្ធសឹងតែជាកីឡាករ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង និងមានសមត្ថភាពនៅក្នុងការប្រកួតនៅលើសង្វៀនគុនខ្មែរ។ ចំពោះវត្តមានរបស់កីឡាករដែលនឹងត្រូវចូលរួមប្រកួត នឹងមានការបញ្ជាក់នៅពេលក្រោយដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនាការប្រកួតនៅលើសង្វៀនម៉ាហ្វៃចាប់ពីវេលាម៉ោង 3 រសៀលតទៅ ។

កម្មវិធីប្រដាល់គុនខ្មែរ នៅលើសង្វៀនម៉ាសហ្វៃខេមបូឌានេះគឺមានកិច្ចសហការឧបត្ថម្ភពីស្ថានីយទូរទស្សន៍ថោន ជាមួយនឹងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលនាំមកនូវវត្តមានកីឡាករល្បីៗមកធ្វើការប្រកួតដើម្បីឲ្យពុកម៉ែបងប្អូនបានទស្សនាកម្សាន្ត នៅរៀងរាល់ថ្ងៃចុងសប្តាហ៍៕
ដោយ៖វិកគី

