សង្វៀនម៉ាសហ្វៃប្រដាល់គុនខ្មែរនឹងត្រឡប់មកវិញ​ នាចុងសប្តាហ៍នេះ ជាមួយការណាត់ជួបគ្នារវាងកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិ

ភ្នំពេញ៖ ជំនួបនៃការប្រកួតនៅលើសង្វៀនម៉ាសហ្វៃខេមបូឌានៅថ្ងៃអាទិត្យចុងប្តាហ៍នេះគឺជាការប្រកួតរវាងកីឡាករគុនខ្មែរជាមួយនឹងកីឡាករជើងខ្លាំងមកពីបណ្ដាប្រទេសនានាជាច្រើនរូប នៅក្នុងកម្មវិធីលំដាប់ពិភពលោកនេះ។

នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ នៅលើសង្វៀនម៉ាសហ្វៃខេមបូឌានឹងមានការប្រកួតគូគុនខ្មែរ និងគូមិត្តភាពគុនខ្មែររហូតទៅដល់ ៤ គូ ក្នុងនោះគូទី១ ការប្រកួតគុនខ្មែរ ៥ ទឹកមួយទឹក ៣នាទី ដែលមានកីឡាករម៉ាលី សៅឌី ប៉ះជាមួយនឹងកីឡាករជុន កក្កដា , គូទី ២ ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម កីឡាករអេលីត សុខចិនមកពីក្លឹបនាយកដ្ឋានអង្គរក្ស ត្រូវប្រកួតជាមួយនឹងកីឡាករសេក គឹមសុង ដែលមកពីក្លឹបអង្គរមានជ័យខេត្តសៀមរាប ,គូទី ៤ កីឡាករឡុង សំណាងនឹងត្រូវប្រកួតប៉ះជាមួយនឹងកីឡាកររិទ្ធី នីដេត ដែលមកពីក្លឹបអរុណរះកីឡានៅក្នុងប្រភេទទម្ងន់ 67 គីឡូក្រាម។ ព្រមទាំងការប្រកួតគូមិត្តភាពគុនខ្មែររវាងកីឡាករសោម វិច្ឆ័យ ត្រូវប្រកួតប៉ះជាមួយកីឡាករដែលមកពីព្រះរាជាណាចក្រថៃសាយ ណាំភេទ។

ការប្រកួតលក្ខណៈ ម៉ាសហ្វៃចំនួន ២គូរវាងកីឡាករគុនខ្មែរដែលមកពីក្លឹបល្បីៗជាច្រើនប៉ះជាមួយនឹងកីឡាករ ដែលមកពីប្រទេសថៃ កីឡាករវ័យក្មេងអេលីត រស្មី ប៉ះជាមួយនឹងកីឡាករសាង សាងហ្វា ណ.អនុវ៉ាត់ ដែលមកពីប្រទេសថៃ ការប្រកួតគូឯករវាងកីឡាករជើងចាស់អេ ណារ័ត្នប៉ះជាមួយនឹងកីឡាករដែលកំពុងតែមានប្រជាប្រិយភាពស៊ុបភើខេ ស៊ីតមុនឆៃ ដែលមកពីប្រទេសថៃផងដែរ។

សូមរង់ចាំតាមដានទស្សនាការប្រកួតម៉ាសហ្វាយខេមបូឌានៅលើសង្វៀននៃស្ថានីយទូរទស្សន៍ថោន កម្មវិធីនឹងចាប់ផ្តើមពីម៉ោង 3 រសៀលតទៅនៅថ្ងៃអាទិត្យទី 23 ខែមេសាឆ្នាំ 2023 នេះ ដោយពុកម៉ែបងប្អូន ដែលស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអាចចូលរួមទស្សនាបាន ដោយសេរី ៕

ដោយ៖ វិគកី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២