ភ្នំពេញ ៖ ពិតជាកក្រើក និងអស្ចារ្យខ្លាំងណាស់ ឡើងលើសង្វៀនប្រកួត ប្តូរកណ្តាប់ដៃគ្នាមិនទាន់បានស្រួលបួលផង កីឡាករអេលីត សុខហ៊ុច ដាក់មួយកែងធ្វើឱ្យកីឡាករជើងខ្លាំងមកពីប្រទេសរុស្សីដួលសន្លប់ ដេកស្តូកស្តឹងនៅលើសង្វៀនប្រកួតលក្ខណៈម៉ាសហ្វៃ កាលពីថ្ងៃអាទិត្យទី២១ ឧសភា កន្លងទៅនេះ។


អេលីត សុខហ៊ុចជាកីឡាករជួរមុខក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាមបន្ទាប់ពីការប្រកួតយ៉ាងឆាប់រហ័សក្នុងការផ្តួលដៃគូឱ្យសន្លប់នោះ សុខហ៊ុច ក៏បានរៀបរាប់ពីដៃគូរបស់ខ្លួនថា នៅនាទីដំបូងគឺប្តូរកណ្តាប់ដៃគ្នាយកតែម្តង ដោយពេលនោះដៃគូរបស់គេគឺកីឡាករម៉ាហ្សីន អីហ្គរមកពីប្រទេសរុស្សីជាអ្នកនាំមុខវាយមុន រួចរូបគេក៏ប្តូរវិញតែម្តងរហូតដល់ដៃគូរបស់ខ្លួនចូលកែងដួលលើសង្វៀនម៉ាសហ្វៃតែម្តង។ កីឡាកររូបនេះបានបន្ថែមថា រូបគេក៏មិននឹកស្មានថា ដៃគូសន្លប់លឿនបែបនេះដែរ ព្រោះកីឡាកររុស្សីរូបនេះ ក៏ខ្លាំង ហើយរឹងពិបាកស្មាន។


ក្នុងការប្រកួតនោះ អ្នកគាំទ្របានលាន់មាត់សរសើរគ្រប់ៗគ្នាអំពីការប្រកួតយ៉ាងជក់ចិត្តមួយគូនេះ បើទោះបីប្រើរយៈពេលតែប៉ុន្មាននាទីក្នុងការផ្តួលគូប្រគួត ប៉ុន្តែកីឡាករទាំងពីរបានប្រកួតអស់ពីសមត្ថភាព ដោយមិនស្ទាបស្ទង់គ្នាច្រើននោះទេគឺមកវាយតែម្តង។


សូមជម្រាបផងដែរថា ការប្រកួតនេះ អេលីត សុខហ៊ុចបានយកឈ្នះកីឡាករម៉ាហ្សីន អីហ្គរមកពីប្រទេសរុស្សីឱ្យបោះបង់ការប្រកួត ដោយការប្រើកែង សុខហុចបានទទួលប្រាក់រង្វាន់លើកទឹកចិត្តបន្តែមចំនួន៨សែនរៀលពីលើតម្លៃខ្លួនក្នុងការប្រកួត ច្បាប់ម៉ាសហ្វៃមួយទឹក៩នាទី មិនមានចៅក្រមដាក់ពិន្ទុឡើយ មានតែអាជ្ញាកណ្តាលមួយរូបប៉ុណ្ណោះជាអ្នកកាត់សេចក្តី ការសម្រេចឈ្នះ ឬចាញ់ដោយផ្តួលដៃគូឱ្យសន្លប់ បោះបង់ការប្រកួត ឬមួយដោយមានការបញ្ឈប់ពីសំណាកអាជ្ញាកណ្តាល ប្រសិនបើគ្មានអ្នកសន្លប់ និងបោះបង់ការប្រកួតទេនោះគឺត្រូវចាត់ទុកថា ស្មើគ្នាប្រាក់រង្វាន់នឹងត្រូវលើកទៅបន្ថែមដល់គូក្រោយៗទៀត៕

ដោយ៖វិកគី

